សូមប្រុងប្រយ័ត្ន !! ទឹកធ្លាក់មកពីប្រទេសថៃ ធ្វើឲ្យទឹកអូរនៅតាមព្រំដែនខេត្តបន្ទាយមានជ័យ ចាប់ផ្ដើមឡើងយ៉ាងគំហុក

(បន្ទាយមានជ័យ)៖ អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុ រាត្រី បានបញ្ជាក់នៅវេលាម៉ោង៤ល្ងាច ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះថា មកទល់ពេលនេះ ស្ថានភាពទឹកធ្លាក់មកពីប្រទេសថៃកាន់តែច្រើន ធ្វើឲ្យទឹកអូរនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តបន្ទាយមានជ័យ ចាប់ផ្ដើមឡើងយ៉ាងគំហុក។ ក្នុងបទសម្ភាសន៍តាមទូរស័ព្ទ ជាមួយ Fresh News, លោក អ៊ុ រាត្រី បានអះអាងថា នៅពេលនេះអាជ្ញាធរខេត្ត និងមន្ដ្រីជំនាញពាក់ព័ន្ធកំពុងតាមដានស្ថានភាពជាប់ជាប្រចាំ។ លោកថា ទឹកនេះទៀតសោត គឺទឹកភ្លៀងធ្លាក់ពីមកអារញ្ញ ប្រទេសថៃ ហើយមិនមែនការបើកទ្វារទឹករបស់ថៃនោះទេ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋកុំយល់ច្រឡំ។ ទន្ទឹមគ្នានេះ អភិបាលខេត្តបន្ទាយមានជ័យ ក៏បានបន្ដអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវបង្កើនការប្រុងប្រយ័ត្នចំពោះស្ថានភាពបែបនេះ ពិសេសកុមារតូច, ស្ដ្រីមានផ្ទៃពោះ និងចាស់ជរា។ ខណៈកម្លាំងអាជ្ញាធរ និងសមត្ថកិច្ច កំពុងត្រៀម និងចេញជួយសង្គ្រោះប្រជាពលរដ្ឋគ្រប់ពេលវេលា គ្រប់កាលៈទេសៈទាំងអស់ មិនទុកឲ្យប្រជាពលរដ្ឋនៅឯកោឡើយ។ គួរជម្រាបថា រដ្ឋបាលខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ បានចេញសេចក្ដីជូនដំណឹងឲ្យប្រជាពលរដ្ឋ និងអាជ្ញាធរគ្រប់មូលដ្ឋានទូទាំងខេត្ត ត្រូវបង្កើនការប្រុងប្រយ័ត្នបន្តទៀត ចំពោះបញ្ហាជំនន់ទឹកភ្លៀង អាយុជីវិត និងទ្រព្យសម្បត្តិនានា ពីព្រោះចាប់ពីថ្ងៃទី១៧-២១ ខែតុលានេះ នឹងមានភ្លៀងធ្លាក់ច្រើនជាប់ៗគ្នាបន្តទៀត ស្របពេលជាមួយទឹកជំនន់មកពីប្រទេសថៃផងដែរ។ ការចេញសេចក្ដីជូនដំណឹងនេះ ធ្វើឡើងបន្ទាប់ពីក្រសួងធនធានទឹក និងឧតុនិយម ក៏បានចេញសេចក្ដីប្រកាសព័ត៌មានមួយដែរ ពាក់ព័ន្ធនឹងបញ្ហាសម្ពាធទាបបក់មកពីសមុទ្រចិនខាងត្បូង ឆ្លងកាត់ភាគកណ្ដាលប្រទេសវៀតណាម និងបណ្ដាលឱ្យមានភ្លៀងបន្តធ្លាក់មកដល់ប្រទេសកម្ពុជា។ រដ្ឋបាលខេត្តបន្ទាយមានជ័យ ក៏កំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើបាតុភូតធម្មជាតិនេះ ដើម្បីត្រៀមអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋបន្តបន្ទាប់ទៀត ខណៈសកម្មភាពជួយសង្គ្រោះនេះក៏នៅតែបន្តធ្វើនៅឡើយ។ សូមបញ្ជាក់ថា គិតថ្ងៃទី១៨ ខែតុលា ជំនន់ទឹកភ្លៀងបានបន្តវាយលុកប៉ះក្រុង-ស្រុកចំនួន៦ នៃខេត្តបន្ទាយមានជ័យ បណ្ដាលឱ្យមានផលប៉ះពាល់ដល់ពលរដ្ឋប្រមាណ ១៥,០០០គ្រួសារ និងប្រមាណ ២,៧០០គ្រួសារទៀត ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ព្រមទាំងប៉ះពាល់ដល់ហេដ្ឋារចនាសម្ពន្ធ និងកសិផលជាច្រើនទៀត៕​ ប្រភព: freshnew

Read More

សង្វេគណាស់ !! UPDATE: សពទាហានវៀតណាម ១៨នាក់ត្រូវបានរកឃើញ, អ្នកស្លាប់កើនដល់ជិត ១០០នាក់ និង៣០នាក់បាត់ខ្លួនក្នុងគ្រោះទឹកជំនន់

(ហាណូយ)៖ ទាហានវៀតណាមជាមួយនឹងគ្រឿងម៉ាស៊ីនធុនធ្ងន់ និងសត្វសុនខហិតក្លិន នៅថ្ងៃចន្ទនេះបានបន្តប្រត្តិបត្តិការស្វែងរកទាហាន ដែលត្រូវបានកប់ដោយគ្រោះរអិលបាក់ដីចុងក្រោយបង្អស់ បន្ទាប់ពីសាកសពទាហាន ១៨នាក់ហើយ ត្រូវបានទាញចេញពីគំនរដីបាក់ ដែលបណ្តាលមកពីភ្លៀងធ្លាក់ឥតឈប់ឈរ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃចន្ទ ទី១៩ ខែតុលា ឆ្នាំ២០២០។ អាជ្ញាធរវៀតណាមបានឲ្យដឹងថា ទឹកជំនន់និងគ្រោះរអិលបាក់ដីនៅក្នុងខែតុលានេះ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៩៣នាក់នៅភាគកណ្តាលនៃប្រទេស ខណៈដែលមនុស្ស ៣០នាក់ផ្សេងទៀតនៅតែបន្តបាត់ខ្លួន។ កាលពីថ្ងៃអាទិត្យម្សិលមិញ ទាហានយ៉ាងហោច ២២នាក់បានបាត់ខ្លួនក្រោយគ្រោះរអិលបាក់ដីមួយនៅក្នុងខេត្ត ក្វាងទ្រី (Quang Tri) ដែលវាជាឧប្បត្តិហេតុលើកទី ៤ ដែលបានកើតឡើងនៅកំឡុងពេល ០៦ថ្ងៃនៅភាគកណ្តាលនៃប្រទេសវៀតណាម ហើយអាជ្ញាធរក៏រំពឹងដែរថា ទឹកភ្លៀងនៅតែបន្តធ្លាក់បន្ថែមទៀត នៅប៉ុន្មានថ្ងៃខាងមុខ។ ដោយឡែកនៅក្នុងខេត្តធួធានហឺ (Thua Thien Hu) វិញ ក្រុមអ្នកជួយសង្គ្រោះបានបន្តស្វែងរកកម្មករសំណង់យ៉ាងហោចណាស់ ១៥នាក់ ដែលបាត់ខ្លួនបន្ទាប់ពីគ្រោះរអិលបាក់ដី ដែលបានកើតឡើងកាលពីសប្តាហ៍មុន។ ទាហានចំនួន ១១នាក់ត្រូវបានបញ្ជូនទៅជួយសង្គ្រោះពួកគេ ប៉ុន្តែជាអកុសលបានស្លាប់ទាំងអស់គ្នា នៅក្នុងគ្រោះរអិលបាក់ដីដាច់ដោយឡែកមួយផ្សេងទៀត។ គួរបញ្ជាក់ថា ទឹកជំនន់នៅក្នុងប្រទេសវៀតណាមបានជន់លិចផ្ទះច្រើនជាង ១២ម៉ឺនខ្នង កាត់ផ្តាច់ចរាចរណ៍ និងបង្ខំឲ្យសាលារៀនជាច្រើនបិទទ្វារ។ ទូរទស្សន៍រដ្ឋបានបង្ហាញវីដេអូឃ្លីប ដែលប្រជាជនជម្លៀសចេញពីផ្ទះរបស់ពួកគេ ដោយក្នុងនោះមានអ្នកស្រុកវ័យចំណាស់មួយចំនួនបាននិយាយថា គ្រោះមហន្តរាយលើកនេះបានរំលឹកពួកគាត់ ទៅដល់សម័យសង្គ្រាមកាលពីជិតប្រាំទសវត្សរ៍មុន៕ ផ្តល់សិទ្ធដោយ៖ Freshnews

Read More