រដ្ឋបាលខណ្ឌព្រែកព្នៅ ច្រានចោលការចោទប្រកាន់ថា អាជ្ញាធរគំរាមកំហែងយកដីពលរដ្ឋឲ្យក្រុមហ៊ុនឯកជន នៅសង្កាត់សំរោង

(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌព្រែកព្នៅ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ច្រានចោលការចោទប្រកាន់នៅលើបណ្ដាញសង្គម Facebook ថា អាជ្ញាធរបានរឹបអូសដីរបស់ប្រជាពលរដ្ឋ៩នាក់ នៅភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ ប្រគល់ឲ្យក្រុមហ៊ុនឯកជន និងរងការគំរាមកំហែងចាប់ដាក់គុកពីមន្ដ្រីរដ្ឋបាលខណ្ឌ។ ក្នុងសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានរដ្ឋបាលខណ្ឌព្រែកព្នៅ ក៏បានចាត់ទុកថា ការចុះផ្សាយព័ត៌មានបែបនេះ ពុំមានការបញ្ជាក់ពីអាជ្ញាធរដើម្បីទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ។ រដ្ឋបាលខណ្ឌព្រែកព្នៅ បានសង្កត់ធ្ងន់ថា ករណីប្រជាពលរដ្ឋ៩នាក់ ជាសមាជិកក្នុងគ្រួសារតែមួយ ដែលបានកាន់កាប់ដោយខុសច្បាប់ផ្ទៃបឹងសំរោង និងគ្មានឯកសារកាន់កាប់ស្របច្បាប់កន្លងមក រដ្ឋបាលខណ្ឌធ្លាប់បានអញ្ជើញមកធ្វើការដោះស្រាយជាច្រើនលើកច្រើនសារ ក៏ដូចជាជូនដំណឹងអំពីការចុះអនុវត្តការស្ថាបនាព្រំដីអនុក្រឹត្យ។ បច្ចុប្បន្នគ្រួសារនេះក៏បានភ្ញាក់រលឹកយល់ព្រម សហការជាមួយក្រុមការងារក្នុងការចាក់ទំនប់តាមព្រំបឹងផងដែរ។ ករណីនេះ ដោយឈរលើគោលការណ៍មនុស្សធម៌ និងដោយមានស្មារតីភ្ញាក់រលឹករបស់ជនបង្កហេតុ អាជ្ញាធរខណ្ឌកំពុងពិចារណរៀបចំនីតិវិធីដកបណ្ដឹងអាជ្ញាវិញផងដែរ៕

Read More