អ៊ិន លក្ខិណា ក្លាយជាស្ត្រីខ្មែរដំបូង តំណាងកម្ពុជា ចូលប្រកួតកម្មវិធី Miss Supranational

ជាការពិត នៅយប់ថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០២១ នេះ កម្មវិធីប្រកួត Miss Grand Cambodia ២០២១ បានឈាន​ដល់វគ្គផ្ដាច់ព្រ័ត្រ ​និងបានស្វែងរកឃើញ​ម្ចាស់ជ័យលាភីគ្រងមកុដកញ្ញា​ឯក​ដ៏អស្ចារ្យ ២០២១ នេះរួចហើយ គឺបានទៅលើ Miss Grand តំណាងខេត្តបាត់ដំបង កញ្ញា ប៉ូគឹមថេង សុតធីតា ដោយទទួលបានការចូលរួមអបអរសាទរពីមហាជនអ្នកគាំទ្រគ្រប់គ្នា។

អ្វីដែលធ្វើឱ្យមហាជនអ្នកគាំទ្រវិស័យបរវកញ្ញាកាន់តែចាប់អារម្មណ៍ និងភ្ញាក់ផ្អើលទៀតនោះ ក្រោយពីបានប្រកាស​រកឃើញម្ចាស់ជ័យ​លាភីគ្រងមកុដ Miss Grand ​Cambodia ២០២១ នេះហើយ កម្មវិធីក៏បានធ្វើការ​ពញាក់អារម្មណ៍ដល់​បេក្ខភាពបវរកញ្ញា ​ក៏ដូចជាមហាជនអ្នកគាំទ្រ ដោយបាន​ប្រកាសម្ចាស់ជ័យ​លាភីគ្រងមកុដ​មួយទៀត ​នៃកម្មវិធីប្រកួតសម្រស់ថ្មីសន្លាងមួយ គឺ Miss Supranational Cambodia ២០២១ ដែលបានទៅលើ បរវកញ្ញាតំណាងខេត្តកំពង់ចាម កញ្ញា អ៊ិន លក្ខិណា ហើយក៏ជាម្ចាស់ជ័យលាភីលំដាប់រងទី ១ នៃ Miss Grand Cam​bo​dia ​២០២១ ផងដែរ។

ក្នុងនោះ ម្ចាស់ជ័យលាភីគ្រងមកុដ Miss Supranational Cambodia ២០២១ កញ្ញា អ៊ិន លក្ខិណា នឹងក្លាយជាស្រ្តីដំបូងគេ ដែលត្រូវត្រៀមខ្លួនដើម្បីតំណាង​ឱ្យ​កម្ពុជា​ទៅប្រកួត Miss Supranational ២០២១ លើឆាកអន្តរជាតិនាឆ្នាំ ២០២២ ខាងមុខនេះ នៅប្រទេស Poland។

គួរឱ្យដឹងផងដែរថា កម្មវិធីប្រកួតកញ្ញាឯក Miss Supranational Cambodia ថ្មីសន្លាងមួយនេះ ត្រូវបានទិញសិទ្ធិមកប្រកួត ដោយ អុ្នកគ្រប់គ្រងកម្មវិធី Miss Grand Cambodia លោក អ៊ិន សុភិន កាលពីឆ្នាំ ២០២០ កន្លងទៅ។ ដោយកម្មវិធី​ប្រកួតថ្មីមួយនេះ ​បានត្រៀមនឹងចាប់ផ្ដើមប្រកួត​តាំងពីនៅចុងឆ្នាំ ២០២០ ម​កម៉្លេះ ដើម្បីបញ្ជូនបវរកញ្ញា​ទៅចូលរួមប្រកួត Miss Supranational ២០២១ ​នៅប្រទេសប៉ូឡូញឆ្នាំ ​២០២១ នេះ ប៉ុន្តែត្រូវបានខកខានទៅវិញ ដោយសារតែការរីកដាលនៃជំងឺកូវីដ-១៩ ទើបកម្មវិធីលើកមកធ្វើការប្រកួតនៅចុងឆ្នាំ ២០២១ នេះ និងបញ្ជូនបវរកញ្ញាតំណាងឱ្យកម្ពុជាទៅប្រកួត Miss Supranational ២០២១ លើឆាកអន្តរជាតិក្នុងឆ្នាំ ២០២២ វិញ បើតាមការបង្ហោះលើផេកហ្វេសប៊ុក Miss Supranational Cambodia។

ដោយឡែកចុងឆ្នាំ ២០២១ នេះ កម្មវិធី Miss Supranational Cambodia គេក៏មិនបានឃើញ កម្មវិធីរៀបចំការប្រកួតនោះដែរ ដោយបានឃើញធ្វើការប្រកាសជ្រើសរើសយកម្ចាស់​ជ័យ​លា​ភី​លំដាប់រងទី ១ នៃ Miss Grand Cambodia ២០២១ កញ្ញា អ៊ិន លក្ខិណា ទទួលជាម្ចាស់ជ័យលាភីគ្រងមកុដ Miss Supranational Cambodia 2021 នៅរាត្រីថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០២១ ក្នុងវគ្គប្រកួតផ្ដាច់ព្រ័ត្រនៃ កម្មវិធី Miss Grand Cambodia ២០២១ តែម្ដង៕ ប្រភពពី៖ Popular Magazine

Related posts

Leave a Comment