ទីបំផុត ម្ចាស់រថយន្ត Tundra ដែលបើកបញ្ច្រាសផ្លូវចូលខ្លួនធ្វើកិច្ចសន្យា និងបង់ការផាកពិន័យតាមច្បាប់ និងបញ្ជាក់មូលហេតុថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

(ភ្នំពេញ)៖ ម្ចាស់រថយន្តTundra ពាក់ផ្លាកលេខភ្នំពេញ 2BO-8073 ដែលបានបើកបរបញ្រ្ចាសទិសចរាចរណ៍ កាលពីយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ ត្រូវបានសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន កោះហៅឲ្យចូលខ្លួន ដើម្បីធ្វើការផាកពិន័យតាមច្បាប់ដោយធ្វើកិច្ចសន្យា និងការបង់ផាកពិន័យតាមច្បាប់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម្ចាស់រថយន្ត Tundra ត្រូវបានសមត្ថកិច្ចប្រាប់ថាមានឈ្មោះ សែម វិបុត្រ អាយុ៤៤ឆ្នាំ។ គាត់បានចូលខ្លួនមកដោះស្រាយ ធ្វើការបកស្រាយបំភ្លឺ និងធ្វើកិច្ចសន្យា ដោយយល់ព្រមបង់ផាកពិន័យតាមច្បាប់ នៅអធិការដ្ឋាននគរបាលខណ្ឌចំការមន នៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២នេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា មូលហេតុដែលគាត់បើកបររថយន្តបញ្ច្រាសទិសចរាចរណ៍ ដោយសារកូនតូចឈឺ ហើយត្រូវលេបថ្នាំបន្ទាន់។ ម្ចាស់រថយន្តបានសារភាពទៀតថា ពេលនោះដោយសារផ្លូវមានការកកស្ទះចរាចរណ៍ ហើយផ្ទះនៅផ្លូវម្ខាងជិតគា្ន ទើបសម្រេចចិត្តបើកបររថយន្តបញ្រ្ចាសទិសចរាចរណ៍ ប្រញ៉ាប់យកថ្នាំឲ្យកូនលេប។

សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ ម៉ោង២១៖៥៣នាទី មានបុរសម្នាក់បើកបររថយន្ត១គ្រឿង ម៉ាក Tundra ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BO-8073 បើកបរបញ្រ្ចាសទិសចរាចរណ៍ នៅលើផ្លូវព្រះនរោត្តម ពីទិសខាងជើងមកត្បូង មុខធនាគារ វិនិយោគ និងអភិវឌ្ឍន៍កម្ពុជា ភីអិលស៉ី BIDC Bank ក្រុម៥៩ ភូមិ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

រថយន្តបានមកឈប់ទល់មុខរថយន្ត១គ្រឿងទៀត ម៉ាក SUZUKI ពណ៌ស្លែ ពាក់ផ្លាកលេខ UNG 200-2546 ដែលបើកបរស្របទិសចរាចរណ៍ រួចឈប់រថយន្តកណ្តាលផ្លូវ ជជែកគ្នាជាមួយម្ចាស់រថយន្ត Tundra ហើយក៏ដើរចេញពីរថយន្តចូលផ្ទះនៅក្បែរនោះបាត់ មួយសន្ទុះក្រោយមក ក្មេងប្រុសម្នាក់បានមកបើករថយន្តចូលផ្ទះបាត់ទៅ។

ក្រោយកើតហេតុកម្លាំងសមត្ថកិច្ច បានចុះសម្រួលចរាចរណ៍ ហើយបាននាំយករថយន្តល្មើស មករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ជាបណ្តោះអាសន្នរង់ចាំម្ចាស់រថយន្តមកធ្វើកិច្ចសន្យា និងផាកពិន័យតាមច្បាប់។

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់អ្នកបើកបរទាំងឡាយ សូមចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា ដើម្បីកាត់បន្ថយគ្រោះថ្នាក់លើដងផ្លូវ ជាការចូលរួមចំណែកកាត់បន្ថយមនុស្សស្លាប់ និងរបួសផងដែរ៕

Leave a Reply

Your email address will not be published.