ថ្មីៗនេះ មហាជនហាក់អស់មន្ទិល និង រំសាយចិត្តខឹងខ្លះ បន្តាប់ពីម្តាយរបស់ Tangmo បានចេញមុខប្រកាសនៅក្នុងកម្មវិធីថា លោកស្រីនឹងពន្យារការបូជាសពកូនស្រី ដើម្បីយកសពទៅធ្វើការស៊ើបអង្កេត ក៏ដូចជាកោសល្យវិច័យជាលើកទី ២។
ក្រោយប្រកាសថានឹងទុកសពធ្វើកោសល្យវិច័យជាលើកទី ២ នោះ ជាក់ស្តែងនៅថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២២ កន្លងទៅ ម្តាយរបស់ Tangmo បានបញ្ជូនសពរបស់កូនស្រីទៅដល់កន្លែងធ្វើកោសល្យវិច័យនោះរួចស្រេចហើយ ដោយមានការនាំមុខដោយក្រុមគ្រូពេទ្យផងដែរ។
ដោយឡែក នៅថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២២ នេះទៀត ម្តាយរបស់ Tangmo បានទើបដាច់ចិត្តទម្លាយពីមូលហេតុដែលលោកស្រីសុខចិត្តបញ្ជូនសពកូនស្រីទៅធ្វើកោសល្យវិច័យជាលើកទី ២ នោះ ដោយលោកស្រីមានការសង្ស័យទៅលើស្នាមរបួសនៅលើរាងកាយរបស់កូនស្រី ៨ កន្លែងដូចជា ៖ «មានស្នាមរឹតនៅត្រង់-ក, ស្នាមរបួសនៅកន្លាក់ក្រោមក្បាលជង្គង់, មានខ្សាច់ និង គ្រោះនៅក្នុងសួត, មានស្នាមជាំនៅពីក្រោយខ្នង, ជាំភ្នែកខាងស្តាំ, មានស្នាមរបួសនៅដើមទ្រូង, របួសនៅថ្ងាស, របួសនៅជង្គង់»។
ទោះជាយ៉ាងណា ពេលនេះសពរបស់ Tangmo បាន និង កំពុងតែរង់ចាំមើលលទ្ធផលការត្រួតពិនិត្យថ្មីផងដែរ ដោយគ្រប់គ្នាសង្ឃឹមថា ការពិតនឹងត្រូវបើកបង្ហាញក្នុងពេលខាងមុខនេះ ហើយ Tangmo នឹងទទួលបានយុត្តិធម៌ពិតប្រាកដ៕