មួយរយៈក្រោយនេះ ក្រៅពីត្រូវបុកយ៉ាងគំហុកដោយសារតែជំងឺរាតត្បាតកូវីដ ប្រទេសថៃក៏កំពុងតែប្រទះបញ្ហាអីវ៉ាន់ឡើងថ្លៃសឹងគ្រប់មុខទៀត ពោលគឺសាំង និង ម្ហូបម្ហាប្រចាំថ្ងៃ ជាពិសេសថ្មីៗនេះក៏មកឡើងថ្លៃលើបន្លែទៀត ដែលធ្វើឱ្យប្រជាជនពិបាកក្នុងការរស់នៅមិនតិចនោះទេ។
យ៉ាងណាមិញ នៅថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២២ នេះ អាជីវករអ្នកលក់នៅខេត្តអុតថៃថានី បាននាំគ្នារអ៊ូរទាំមិនដាច់ពីមាត់ឡើយ ដោយសារតែតម្លៃបន្លែផ្សេងៗត្រូវឡើងថ្លៃជារឿយៗ ដែលក្នុងនោះ កាលពីមុនស្លឹកខ្ទឹមមួយគីឡូត្រឹម ៧០ ទៅ ៨០ បាត តែពេលនេះឡើងដល់ ១២០ បាតទៅហើយ ជាពិសេសចំណែកម្ទេសខ្មាំង គឺឡើងខ្លាំងពីមួយគីឡូ ១៥០ ទៅ ១៧០ បាត រហូត ២៥០ បាត (ប្រមាណជាង ២៥ ០០០ រៀល) ឯណោះ ដែលសឹងនឹងស្មើតម្លៃសាច់ជ្រូកសុទ្ធមួយគីឡូដែរទៅហើយ។
អ្នកលក់បានឱ្យដឹងថា ការដឹកជញ្ចូនបោះដុំបន្លែគ្រប់មុខនេះ គឺពឹងផ្អែកទៅលើសាំង ប៉ុន្តែមួយរយៈក្រោយនេះ ថ្លៃសាំងក៏ចេះតែឡើងមិនឈប់ ទើបធ្វើឱ្យគេក៏ដំឡើងថ្លៃបន្លែដូចគ្នា ដើម្បីទប់ទល់ជាមួយនឹងទុនចំណាយ។ យ៉ាងណាមិញ រដ្ឋាភិបាលថៃ ក៏មិនទាន់បានរកដំណោះស្រាយណាមួយ ដើម្បីសម្របសម្រួលដល់បញ្ហានេះឱ្យប្រជាជនខ្លួននៅឡើយទេ ដែលអ្នកដែលរងការប៉ះពាល់ខ្លាំងជាងគេ គឺអាជីវករនោះឯង៕