តាមការបញ្ជាក់ពីមន្ត្រីប្រចាំក្រុង Tianjin កាលពីថ្ងៃអង្គារ ទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅថា ករណីឆ្លងវីរុសកូវីដ ១៩ ចំនួន ២ ករណី ត្រូវបានរកឃើញនៅក្នុងខែវិច្ឆិកានេះ ដែលត្រូវបានឆ្លងពីក្បាលជ្រូក នាំចូលមកពីអាមេរិកខាងជើង ។
មន្ត្រីប្រចាំមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងនៃក្រុង Tianjin ប្រទេសចិន បានថ្លែងប្រាប់សន្នីសីដសារព័ត៌មានថា ខាងអាជ្ញាធរមិនបានធ្វើតេស្តលើក្បាលជ្រូកដែលនាំចូលទាំងនោះឡើយ ។ ទោះជាយ៉ាងណា សំណាកត្រូវបានយកពីកន្លែងដែលក្បាលជ្រូកទាំងនោះធ្លាក់លើ នៅពេលវាត្រូវបានលើកចេញពីកន្លែងស្តុក គឺតេស្តរកឃើញវិជ្ជមាន កូវីដ ១៩ ដែលមានលក្ខណៈដូចគ្នានឹងករណីឆ្លងទាំង ២ ខាងលើ ដែលពួកគេទាំង ២ បានប៉ះពាល់នឹងក្បាលជ្រូកផ្ទាល់ ។
អាជ្ញាធរក្រុង Tianjin ធ្លាប់បានបញ្ជាក់កាលពីដើមខែនេះថា ពួកគេនឹងចេញវិធានការធ្វើតេស្តលើរោងចក្រអាហារក្លាសេមួយចំនួន រួមទាំងបុគ្គលិកទាំងអស់ ក្រោយករណីឆ្លងកូវីដ ១៩ ត្រូវបានរកឃើញពាក់ព័ន្ធនឹងបុគ្គលិកដែលបានប៉ះពាល់សាច់ជ្រូកក្លាសេ ដែលនាំចូលពីប្រទេសអាល្លឺម៉ង់ ។
គួរបញ្ជាក់ថា គិតមកត្រឹមថ្ងៃនេះ ប្រទេសចិន មានចំនួនអ្នកឆ្លងសរុបចំនួន ៨៦ ៤៦៩ ករណី ខណៈករណីស្លាប់មានចំនួន ៤ ៦៣៤ ករណី ៕