កាន់តែក្តៅ​ ! ក្រុមបាតុករនៅទូទាំងសហរដ្ឋអាមេរិក បានចេញមកធ្វើបាតុកម្មនៅតាមដងផ្លូវនានា ដើម្បីទាមទារឱ្យមានការរាប់សន្លឹកឆ្នោតទាំងអស់

ក្រុមបាតុករបាននាំគ្នាធ្វើបាតុកម្មនៅតាមដងផ្លូវនានានៅទូទាំងសហរដ្ឋអាមេរិក ដើម្បីទាមទារឱ្យមានការរាប់សន្លឹកឆ្នោតទាំងអស់ នៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីឆ្នាំ២០២០នេះ។ ក្នុងនោះផងដែរក្រុមយុទ្ធនាការរបស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ ក៏កំពុងបន្តសកម្មភាពប្ដឹងទៅតុលាការរបស់ខ្លួន ដើម្បីបញ្ឈប់ការរាប់សន្លឹកឆ្នោតនៅក្នុងរដ្ឋមួយចំនួន ដោយបានលើកឡើងពីភាពមិនប្រក្រតី។ ជាក់ស្ដែងលោក ដូណាល់ ត្រាំ បានលើកឡើងថា ការបោះឆ្នោតតាមអ៉ីម៉ែលងាយនឹងមានការក្លែងបន្លំណាស់។

នៅថ្ងៃពុធនេះ (ម៉ោងនៅអាមេរិក) មនុស្សរាប់រយនាក់បានប្រមូលផ្តុំគ្នានៅទីក្រុងញូវយ៉ក ហើយដើរដង្ហែតាមដងផ្លូវ ដោយបានកាន់បដានិងគ្រវីក្រដាសដែលមានពាក្យថា «រាល់សន្លឹកឆ្នោតត្រូវតែរាប់» និង «រាប់រាល់សន្លឹកឆ្នោតទាំងអស់»។ ប្រជាជនគ្រប់វ័យបានចូលរួមក្នុងការតវ៉ា ដោយបានស្រែកថា «ការពារលទ្ធិប្រជាធិបតេយ្យ» និង «រង់ចាំរហូតដល់សន្លឹកឆ្នោតទាំងអស់ត្រូវបានរាប់»។

សន្តិសុខត្រូវបានរឹតបន្តឹងនៅក្នុងទីក្រុងញូវយ៉ក ដោយសារតែការព្រួយបារម្ភអំពីភាពចលាចល ដែលអាចកើតមានបន្ទាប់ពីការបោះឆ្នោត។ មន្ត្រីប៉ូលីសមួយចំនួនធំត្រូវបានដាក់ពង្រាយសម្រាប់ការហែក្បួននៅថ្ងៃពុធ ជុំវិញការភ័យខ្លាចនៃការប៉ះទង្គិចគ្នារវាងអ្នកគាំទ្រលោក ដូណាល់ ត្រាំ និងក្រុមបាតុករ។ អ្នកតវ៉ាម្នាក់បាននិយាយថា៖« ត្រាំ កំពុងលួចបន្លំការបោះឆ្នោតនៅពេលនេះ ហើយយើងត្រូវតែចេញមកតវ៉ាតាមផ្លូវដោយនិយាយថាទេ»៕

Related posts

Leave a Comment