កូនខ្មែរធ្វើបាន​! យុវជនបីរូបច្នៃដែកចាស់ៗគេបោះចោល ធ្វើម៉ាស៊ីនបកដូង បកស្អាតដូចចាក់ពុម្ព

ថ្មីៗនេះនៅលើបណ្ដាញសង្គម TikTok មានវីដេអូមួយបង្ហាញពីម៉ាស៊ីនបកដូងច្នៃបង្កើតដោយកូនខ្មែរ ទទួលបានការចាប់អារម្មណ៍ និង​ការសាទរយ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមមួយនេះ ដោយមានការទស្សនានិងចូលចិត្តជាងកន្លះលាន។

ម៉ាស៊ីនបកដូងនៅក្នុងវីដេអូនោះជាស្នាដៃរបស់កូនខ្មែរបីរូបដែលសិក្សានៅ វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ ហើយម៉ាស៊ីនដដែលនេះ ជាគម្រោងបញ្ចប់ការសិក្សារថ្នាក់បរិញ្ញាបត្ររងរបស់ពួកគាត់ នេះបើតាមការរៀបរាប់ប្រាប់ក្រុមការងារ Business Cambodia ពីសំណាក់នាយករងវិទ្យាស្ថាន លោកគ្រូ ប៊ុនហេ។

នាយករងវិទ្យាស្ថានបានបញ្ជាក់ផងដែរថា និស្សិតទាំងបីរូបដែលច្នៃបង្កើតម៉ាស៊ីនបកដូងនោះមានឈ្មោះថា៖ ប៉េ ឧត្តម, រុំ វេហាស៍ និង រឿន អក្ខរា ដែលជានិស្សិតនឹងត្រូវបញ្ចប់បរិញ្ញាបត្ររងលើផ្នែកអគ្គិសនី។

បើតាមការអះអាងពីសំណាក់លោកគ្រូ ម៉ុន ឆេងមាន ដែលជាគ្រូដឹកនាំក្រុមនិស្សិតទាំងបីរូបធ្វើគម្រោងនេះ បានឱ្យដឹងថា ម៉ាស៊ីនបកដូងនេះអាចបកដូងមួយស្អាតដោយប្រើប្រាស់រយៈពេលត្រឹមតែមួយនាទីប៉ុណ្ណោះ នឹងទទួលបានផ្លែដូងបកសម្បកស្អាតអស់។

លោកគ្រូ ឆេងមាន បានបន្ថែមទៀតថានៅក្នុងការធ្វើម៉ាស៊ីនមួយនេះច្នៃឡើង ដោយមិនបានប្រើប្រាស់ថវិការច្រើនឡើយ ដោយហេតុថាក្រុមនិស្សិតទាំង ៣រូបនោះបានច្នៃម៉ាស៊ីននោះ ដោយប្រើដែកចាស់ៗ ឬគ្រឿងម៉ូតូដែលគេបោះចោលយកមកធ្វើ។

សម្រាប់គម្រោងនេះដែរ លោកគ្រូ ឆេងមាន បានលើកឡើងថាអាចនឹងធ្វើការអភិវឌ្ឍបន្តទៀតដើម្បីឱ្យ អ្នកប្រើប្រាស់កាន់តែងាយស្រួលប្រើប្រាស់ជាងមុន ប្រសិទ្ធភាពខ្ពស់ ក៏ដូចជាកាន់តែសុវត្ថិភាពនៅក្នុងការប្រើប្រាស់ផងដែរ។

គូសបញ្ជាក់ថា វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺទើបតែបង្កើតបានប្រមាណជា បីឆ្នាំទេ ដោយផ្ដោតទៅលើការច្នៃប្រឌិត និងនវានុវត្តលើផ្នែកបច្ចេកវិទ្យា និងកសិកម្មដើម្បីចូលរួមក្នុងការអភិវឌ្ឍសហគមន៍និងប្រទេសជាតិប្រកបដោយនិរន្តរភាព។

បើតាមការបញ្ជាក់ពីលោកនាយករងវិទ្យាស្ថាន លោកគ្រូប៊ុនហេ សាលាមានជាអាហាររូបករណ៍ជាច្រើនកន្លែង ហើយនិស្សិតសិក្សានៅវិទ្យាស្ថាននេះមានឱកាសច្រើនក្នុងការ ចេញទៅសិក្សាបន្ថែមនៅក្រៅប្រទេសជាពិសេសថៃ។

សម្រាប់ព័ត៌មានបន្ថែម៖ http://ksit.edu.kh/

Related posts

Leave a Comment