ដឹងការពិតហើយ! នារីចិនដែលដើរស្រែកយំតាមផ្លូវ ហើយប្រាប់ថា ត្រូវចោរឆក់អស់លុយពីខ្លួន តាមពិតនាងប្រឌិតរឿងទេ ដោយសារចង់បានលុយត្រឡប់ទៅប្រទេសចិនវិញ​ ហើយសមត្ថកិច្ចរកឃើញថានាងប្រើគ្រឿងញៀនទៀត

យោងតាមការបញ្ជាក់ពី ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ស្ត្រីជនជាតិចិនម្នាក់ដែលបានដេីរស្រែកយំ​ ហេីយប្រាប់អ្នកសារព័ត៌មានថាគាត់ត្រូវបានចោរឆក់​ ជាព័ត៌មានមិនពិត​។ សេចក្តីបកស្រាយបំភ្លឺ របស់ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ទាក់ទងទៅនឹងករណីស្ត្រីជនជាតិចិនម្នាក់ដែលសារព័ត៌មានមួយចំនួនបានចុះផ្សាយថា​ត្រូវបានចោរឆក់​កាលពីថ្ងៃទី០៩​ ខែតុលា​ ឆ្នាំ២០២០​ ជាព័ត៌មានមិនពិត​ ជាក់ស្តែងមិនមានករណីឆក់កេីតឡេីងដូចស្ត្រីចិនរូបនេះលេីកឡេីងឡេីយ។

បន្ទាប់ពីធ្វេីការសហការស្រាវជ្រាវរវាងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ​ ប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ​ ការិយាល័យអនុវត្តនីតិវិធីនៃផែនកអន្តោប្រវេសន៍​ ជាមួយនាយកដ្ឋានព្រហ្មទណ្ឌ​ អស់រយ:ពេលប៉ុន្មានថ្ងៃកន្លងមកនេះ​ នៅព្រឹកថ្ងៃទី២៧​ ខែតុលា​ ឆ្នាំ២០២០​ សមត្ថកិច្ចបានរកឃេីញស្ត្រីជនជាតិចិនឈ្មោះ​ ZHAO YUNYAN ហេីយបាននាំយកមកធ្វេីការសាកសួរ​ និងបំភ្លឺចំពោះករណីដែលគាត់បានលេីកឡេីងថាមានករណីចោរឆក់​កាលពីថ្ងៃទី០៩ ខែតុលា​ ឆ្នាំ២០២០ ក្រោយពីធ្វេីការសាកសួរ​ ស្ត្រីរូបនេះបានសារភាពថា​មិនមានករណីឆក់កេីតឡេីងមកលេីរូបគាត់នោះទេ​ ដោយសារតែគាត់ចង់បានលុយដេីម្បីត្រឡប់ទៅប្រទេសចិនវិញ​ ទេីបប្រឌិតរឿងនេះឡេីង​ ។ ម្យ៉ាងវិញទៀតដោយមានការសង្ស័យថាស្ត្រីរូបនេះប្រេីប្រាស់សារធាតុញៀន​ មន្ត្រីជំនាញ​បានធ្វេីតេស្តស្ត្រីជនជាតិចិនរូបនេះ​ ជាលទ្ធផលបានបង្ហាញថាគាត់ពិតជាបានប្រេីប្រាស់សារធាតុញៀនពិតប្រាកដមែន​ ។

ពេលនេះសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ និងប៉ុស្តិ៍នគរបាលរដ្ឋចតុមុខ​នៃអធិការដ្ឋាននគបាលខណ្ឌដូនពេញ កំពុងរៀបចំឯកសារបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍​ និងសុំគោលការណ៍ពីថ្នាក់ដឹកនាំត្រៀមបណ្តេញចេញពីប្រទេសកម្ពុជា​ ។

ដេីម្បីចូលរួមសហការទប់ស្កាត់ព័ត៌មានមិនពិត​ មុននឹងធ្វេីការចុះផ្សាយទាក់ទងទៅនឹងករណីអ្វីមួយដែលមិនមានប្រភពច្បាស់លាស់​ សូមធ្វេីការសិក្សាស្រាវជ្រាវឲ្យបានច្បាស់លាស់ជាមុនសិន​ ដេីម្បីកុំឲ្យមជ្ឈដ្ឋានទូទៅមានការយល់ច្រឡំ​ ជាពិសេសការចុះផ្សាយព័ត៌មានមិនពិតមួយចំនួនអាចក្នុងគោលបំណងអាក្រក់បំពុលបរិយាកាសសង្គម​ផងដែរ​ ៕

Related posts

Leave a Comment