កាន់តែក្តៅ ! បាតុករថៃរាប់ពាន់នាក់ ត្រឡប់មកធ្វើបាតុកម្មឡើងវិញ ក្រោយកាលកំណត់បីថ្ងៃ ដែលទុកឲ្យលោក ប្រាយុទ្ធ ចុះចេញពីតំណែង បានផុតកំណត់

(បាងកក)៖ មនុស្សរាប់ពាន់នាក់ បានប្រមូលផ្តុំគ្នាធ្វើបាតុកម្មសាជាថ្មីម្តងទៀត នៅថ្ងៃអាទិត្យ ទី២៥ ខែតុលានេះ នៅចំកណ្តាលទីក្រុងបាងកករបស់ប្រទេសថៃ ដែលជាបាតុកម្មលើកដំបូង ចាប់តាំងពីលោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា បានព្រងើយកន្តើយនឹងកាលកំណត់បីថ្ងៃរបស់ពួកគេ ដែលទាមទារឲ្យនាយករដ្ឋរូបនេះចុះចេញពីមុខតំណែង បានផុតកំណត់កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃអាទិត្យ ទី២៥ ខែតុលា ឆ្នាំ២០២០។

បាតុកម្មថ្ងៃអាទិត្យនេះ ក៏ជាការប្រមូលផ្តុំគ្នាជាទ្រង់ទាយធំ ជាលើកដំបូងបន្ទាប់ពីលោកប្រយុទ្ធ ចាន់អូចា បានប្រកាសលុបចោល «បទបញ្ជាដាក់ប្រទេសក្នុងគ្រាអាសន្ន» រួមទាំងបទបញ្ជាពាក់ព័ន្ធដទៃទៀត ដែលកន្លងមកវាបានត្រឹមតែដុតកំហឹងបាតុករបន្ថែមនោះ ផងដែរ។

ខណៈពេលដែលក្រុមបាតុករ ស្រែកទាមទារឲ្យលោកនាយករដ្ឋមន្ត្រី ប្រយុទ្ធ ចាន់អូចា ចុះចេញពីតំណែង មេដឹកនាំបាតុករម្នាក់ គឺលោក Jatupat Boonpattararaksa បាននិយាយប្រាប់អ្នកសារព័ត៌មានថា «បើគាត់មិនព្រមលាលែងទេ យើងនឹងបន្តទាមទាររហូតទាល់តែចុះចេញ ដោយសន្តិវិធី»។

ការិយាល័យនាយករដ្ឋមន្រ្តី បានបង្ហោះកំណត់ត្រានៅលើបណ្តាញសង្គម Twitter ដោយបានគូសបញ្ជាក់ថា លោកប្រយុទ្ធនឹងមិនចុះចេញពីតំណែងទេ ហើយវិបត្តិនេះ គួរតែត្រូវបានពិភាក្សានៅក្នុងសភា ដែលត្រូវបើកសម័យប្រជុំពិសេសនៅថ្ងៃចន្ទនិងថ្ងៃអង្គារសប្តាហ៍ក្រោយនេះ។

គួរជម្រាបថា កាលពីសប្តាហ៍មុនលោក ប្រាយុទ្ធ បានចេញសេចក្តីអំពាវនាវមួយ ដើម្បីអនុញ្ញាតឲ្យសភាស្វែងរកដំណោះស្រាយ នៅក្នុងវិបត្តិនយោបាយលើកនេះ ហើយលោកក៏បានប្រកាសលុបចោល បទបញ្ជាដាក់ប្រទេសក្នុងគ្រាអាសន្ន ដែលលោកបានប្រកាសដាក់កាលពីមួយសប្តាហ៍មុនផងដែរ។ ប៉ុន្តែក្រុមបាតុករនៅតែមិនទាន់អស់ចិត្តឡើយ ដោយពួកគេបានប្រកាសទុកពេល ០៣ថ្ងៃឲ្យលោក ប្រាយុទ្ធ ចុះចេញពីតំណែងនាយករដ្ឋមន្ត្រី បើមិនដូច្នោះទេលោកនឹងត្រូវប្រឈមមុខ មហាបាតុកម្មកាន់តែធំជាងមុនជាក់ជាមិនខាន៕ប្រភព:freshnewsasia

Related posts

Leave a Comment