នាយករដ្ឋមន្រ្ដី​បញ្ជា​ឲ្យ​​​ស៊ើប​​អង្កេត​​បន្ទាន់ លើ​ករណី​ផ្ទុះ​ទុយោ​ហ្គាស ស្លាប់​និង​របួសជាង៥០នាក់

រាជធានីបាងកក៖ ក្រោយពេលកើតមានឧបទ្ទវហេតុផ្ទុះទុយោបង្ហូរ​ឧស្ម័ន​ក្រោមដី បណ្ដាលឲ្យមានមនុស្សស្លាប់ និងរងរបួសជាង៥០នាក់នោះមក រហូត​មកដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ លោក ប្រាយុទ្ធ ចាន់អូចា នាយក​រដ្ឋមន្រ្ដីថៃ បានចេញបទបញ្ជាឲ្យមន្រ្ដីជំនាញ បើកការស៊ើបអង្កេត​ជាបន្ទាន់លើករណីនេះ។

លោក Anucha Burapachaisri អ្នកនាំពាក្យរដ្ឋាភិបាលថៃ បានថ្លែងថា លោកឧត្ដមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា បានចេញបទបញ្ជាឲ្យ​មានការស៊ើប​អង្កេត លើករណីលេចហ្គាសបង្កឲ្យគ្រោះអគ្គិភ័យ នៅក្នុងឃុំ Preng ស្រុក Bang Bo ខេត្ត Samut Prakan ។ ហេតុការណ៍ផ្ទុះហ្គាសនេះ បានកើត​ឡើង កាលពីរសៀល ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ នៅក្នុងស្រុក Bang Bo ខេត្ដ Samut Prakarn។

ប៉ូលិស ខេត្ដ Samut Prakarn បានឲ្យដឹងថា នៅក្នុងហេតុការណ៍​ធ្លាយ​ទុយោហ្គាស បង្កឲ្យកើតគ្រោះអគ្គិភ័យនេះ បានបណ្ដាល​ឲ្យមនុស្ស​៣នាក់​ស្លាប់ និង៥២នាក់រងរបួស។ ក្រៅពីនេះ គ្រោះអគ្គិភ័យនេះ បាន​បំផ្លាញ​ផ្ទះ អស់៩ខ្នង និងរថយន្ដ២០គ្រឿង។

មន្រ្ដីប៉ូលិសដដែល បានបញ្ជាក់ថា គ្រោះអគ្គិភ័យនេះ បានកើត​ចេញ​ពី​ទុយោ​បង្គប់ នៅក្រោមដី ដែលលាតសន្ធឹង ប្រវែង១គីឡូម៉ែត្រ។ បន្ទាប់​ពី​មានហេតុការណ៍គ្រោះអគ្គិភ័យនោះ សមត្ថកិច្ចបានជម្លៀសប្រជាពលរដ្ឋ និងសិស្ស ចេញពីសាលា Preng Wisuttha Tipbodee ។ រីឯសាលា​រៀន​នេះ ក៏បានរងការខូចខាតផងដែរ។

លោក Theera Phudphong មន្រ្ដីទទួលបន្ទុកដោះស្រាយកិច្ចការ​សង្គម​របស់ក្រុមហ៊ុនឧស្ម័ន PTT បានបញ្ជាក់ថា ក្រុមហ៊ុន​នឹងចេញ​សំណង​១០០% ។ ប៉ុន្ដែទោះជាយ៉ាងណា ក្រុមហ៊ុនកំពុង​តែបញ្ជូន​មន្រ្ដីជំនាញ​របស់ខ្លួន ឲ្យចុះទៅស៊ើបអង្កេត អំពីមូលហេតុនេះ និងវាយតម្លៃ អំពី​ទំហំ​ខូច​ខាត ព្រោះក្រុមហ៊ុន មានការបង់ធានារ៉ាប់រង ជាមួយនឹង​ក្រុមហ៊ុន​ធានារ៉ាប់រង Dhipaya សម្រាប់ទូទាត់លើគ្រោះមហន្តរាយខាងលើនេះ៕ប្រភព:KBN

Related posts

Leave a Comment