ដើរតួជាឪពុកម្តាយដ៏រឹងមាំ ឡោម លក្ខិណា ប្រឹងតស៊ូមិនខ្លាចនឿយ ដើម្បីតែកូនប្រុស

មិនមែនជារឿងងាយស្រួលទេ ក្រោយពីស្វាមីស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ តារាសម្តែងវ័យក្មេង ឡោម លក្ខិណា បានប្រឹងប្រែងធ្វើការងារជាច្រើនដើម្បីកូនប្រុសតែមួយរបស់នាង ធ្វើឱ្យអ្នកដែលដឹងរឿងរបស់នាងមានការអាណិតដល់រូបនាងជាខ្លាំង ។

ដោយសារតែសម្រស់នៅតែស្រស់ស្អាត ឡោម លក្ខិណា នៅតែបន្តចាប់អាជីពសិល្បៈយ៉ាងពេញទំហឹង ពេលនេះនាងទទួលបានការងារជាបន្តបន្ទាប់ដែលមានទាំងការថតស្ប៉តពាណិជ្ជកម្ម និង ការសម្តែងរឿង ហើយក្រៅពីនេះក៏មានការច្រៀងនៅតាមកម្មវិធីនានាទៀត មិនតែប៉ុណ្ណោះនាងក៏បានងាកមកបន្ថែមការងារលក់ផលិតផលតាមអនឡាញផងដែរ ។

ឡោម លក្ខិណា ចាប់ផ្តើមប្រឡូកការងារគ្រប់យ៉ាងបែបនេះគឺដើម្បីកូនប្រុស ដែលកន្លងមកនាងបានសន្យាថានឹងចិញ្ចឹមកូនឱ្យបានល្អទៅតាមបំណងរបស់ស្វាមីដែលចង់ឱ្យកូនទៅរៀនបន្តនៅក្រោយប្រទេស បើទោះមិនមានវត្តមានស្វាមីនៅលើលោកក៏ដោយ ។

ឡោម លក្ខិណា ក៏ជាតារាសម្តែង និង ចម្រៀងដែលមានឈ្មោះបោះសំឡេងម្នាក់ដែរ តែក្រោយពីនាងមានស្វាមី និង កូនមក តារាសម្បុរស្រអែម ឡោម លក្ខិណា ហាក់ដកឃ្លាពីការងារនេះ តែបច្ចុប្បន្ននាងបានចាប់ផ្តើមអាជីពនេះជាថ្មីដោយទទួលបានការងារជាបន្តបន្ទាប់ និង ពេលនេះកំពុងមមាញឹកថតរឿងថ្មី ក្នុងនោះក៏មានការជូនពរ លើកទឹកចិត្តដល់ ឡោម លក្ខិណា ពីសំណាក់មិត្តភក្តិ និង អ្នកគាំទ្រជាច្រើន ៕

Related posts

Leave a Comment