ស៊ុក សុភា ខំស្វះស្វែងជួយសិល្បករជើងចាស់ រិទ្ធ សារី កំពុងធ្លាក់ខ្លួនឈឺដុនដាប អស់លទ្ធភាពព្យាបាលជំងឺ

ប្រិយមិត្តច្បាស់ជានៅចាំអតីតតារាសម្ដែងប្រុសដ៏ល្បីល្បាញ ស៊ុក សុភា ជាក់ជាមិនខាន ប៉ុន្មានឆ្នាំមកនេះលោកបានឃ្លាតឆ្ងាយពីវិស័យសិល្បៈ និង មាតុភូមិទៅរស់នៅសាងគ្រួសារយ៉ាងមានសុភមង្គលលើទឹកដីប្រទេសអូស្រ្តាលី ប៉ុន្តែទោះជាបែបនេះបេះដូងធ្លាប់ជាអ្នកសិល្បៈខ្មែររបស់លោក នៅតែឃើញបង្ហាញពីចិត្តនឹករឭកដល់ប្រទេសកំណើត ក៏ដូចជាអាជីពជាតារាសម្ដែងជារឿយៗ។

ក្រៅពីក្ដីនឹករឭកដល់មាតុភូមិ ស៊ុក សុភា ក៏មានទឹកចិត្តសប្បុរសធម៌មិនមើលនឹងភ្នែកពេលឃើញសិល្បករខ្មែរធ្លាប់រួមអាជីពធ្លាក់ខ្លួនឈឺដុនដាបគ្មានលទ្ធភាពព្យាបាលជំងឺ។ តួយ៉ាងតារាសម្ដែងជើងចាស់លោក រិទ្ធ សារី ពេលនេះកំពុងធ្លាក់ខ្លួនឈឺធ្ងន់ ហើយក៏គ្មានលទ្ធភាពព្យាបាលនៅមន្ទីរពេទ្យបន្តទៅទៀតដែរ។

ឃើញស្ថានភាពលំបាកលំបិនរបស់សិល្បករជើងចាស់ រិទ្ធ សារី ដូច្នេះ ស៊ុក សុភា មិនឱបដៃឈរមើលនឹងភ្នែកនោះទេ ដោយលោក និង ប្រពន្ធកូនបានជួយថវិកាមួយចំនួនដើម្បីឱ្យលោកទប់ទល់នឹងជីវភាពបន្ត ហើយលើសពីនេះ ស៊ុក សុភា ក៏បានស្វះស្វែងប្រកាសដល់សប្បុរសជនដែលមានចិត្តអាណិតដល់សិល្បករកំពុងឈឺដុនដាបរូបនេះ អាចជួយគាត់បានតាមរយៈលោកទៀតផង។

ទឹកចិត្តដ៏ល្អប្រពៃរបស់ ស៊ុក សុភា ធ្វើឱ្យមហាជនអ្នកគាំទ្ររំភើប និង ត្រេកអរជំនួសលោក រិទ្ធ សារី ព្រោះទោះបីជាលោករស់នៅយ៉ាងរីករាយនៅក្រៅប្រទេស ក៏មិនភ្លេចជួយដល់រៀមច្បងធ្លាប់រួមអាជីពសិល្បៈពេលធ្លាក់ខ្លួនឈឺម្ដងហើយម្ដងទៀត៕

Leave a Reply

Your email address will not be published.