នាំកូនដើរផ្សារ ស៊យអីកូនធ្វើបែកតុក្កតាតម្លៃជិត ៧ ពាន់ដុល្លារ ទាំងម្តាយ-កូនឈរមើលមុខគ្នាភ្លឹះៗ

ថ្មីៗនេះ រូបភាពមួយត្រូវបានគេចែកចាយពាសពេញ​បណ្តាញសង្គមហ្វេសប៊ុក ដោយបង្ហាញឱ្យឃើញពីក្មេងប្រុសពីរនាក់កំពុងតែឈរមើលរូបតាំងមួយ ដែលបែកខ្ចាយនៅលើឥដ្ឋ ជាមួយនឹងម្តាយដែលឱបដៃសម្លឹងទៅកូនវិញទាំងការហួសចិត្ត។

បើតាមព័ត៌មានបានឱ្យដឹងថា រឿងរ៉ាវមួយនេះបានកើតឡើងនាទីក្រុងហុងកុង ដោយឪពុកម្តាយគូនេះ បាននាំកូនប្រុសទាំងពីរនាក់របស់ខ្លួនទៅដើរមើលរបស់លេង នៅហាងលក់របស់លេងមួយកន្លែង។

យ៉ាងណាមិញ គ្រាន់តែ​ចូលដល់ហាងមិនបានយូរប៉ុន្មាន ស្រាប់តែមានកូនប្រុសម្នាក់ បានទៅផ្អែកលើរូបសំណាកតុក្កតា Teletubbies ពណ៌លឿងមួយ ក៏បានធ្វើឱ្យវាធ្លាក់ពីកន្លែងតាំងមកដី រហូតបែកខ្ចាយតែម្តង។ភ្លាមៗក្មេងប្រុសរូបនោះ ក៏បានឈរមើលតុក្កតាដែលខ្លួនបានធ្វើបែកដោយភាពភ្ញាក់ផ្អើល ចំណែកឯម្តាយក៏និយាយអ្វីមិនចេញ បានត្រឹមតែឈរឱបដៃសម្លឹងទៅកូនវិញដោយការហួសចិត្ត ឯឪពុកក៏រត់ខ្វាត់ខ្វែងទៅសុំគេមើលកាមេរ៉ាសុវត្ថិភាពដើម្បីបញ្ជាក់ឱ្យដឹងច្បាស់ពីមូលហេតុនៃការបែក។

តុក្កតាមួយនេះដែរ មានតម្លៃរហូតដល់ជិត ៧០០០ ដុល្លារឯណោះ តែដោយសារការតថ្លៃ ម្តាយរបស់ក្មេងក៏សងត្រឹមតែ ៤០០០ ដុល្លារប៉ុណ្ណោះ។ យ៉ាងណាមិញ ម្តាយក៏បាននាំយករឿងនេះមកផុសចែកចាយនៅតាមបណ្តាញសង្គម ព្រមទាំងទម្លាយថានាងពិតជាលែងហ៊ានទៅទិញអីវ៉ាន់ទៀតហើយ ក្រោយពីជួបហេតុការណ៍នេះ។

ចំណែកខាងហាង ក៏បានចោទមកខាងនាងផងដែរថា មិនមើលកូនឱ្យស្រួលបួល បណ្តោយឱ្យគេទៅបុកតុក្កតាទាល់តែបែក តែនាងក៏តបទៅវិញថា បើមើលឱ្យច្បាស់កូននាងមិនបានទៅបុកនោះទេ ហើយវត្ថុថ្លៃថ្នាក់នេះ ម្តេចមិនមានការការពារឱ្យត្រឹមត្រូវ ល្អណាស់ហើយដែលនាងព្រមសង ៤០០០ ដុល្លារនោះ៕

Leave a Reply

Your email address will not be published.