ផ្ទុះវិញហើយ !! ក្រុមបាតុករថៃចាប់ផ្តើមប្រមូលផ្តុំគ្នាតវ៉ាជាថ្មីម្តងទៀត នៅទីក្រុងបាងកក

(បាងកក)៖ ក្រុមបាតុករថៃ នៅថ្ងៃសៅរ៍នេះ បានប្រមូលផ្ដុំគ្នានៅតាមដងផ្លូវនៃទីក្រុងបាងកក ខណៈការប្រមូលផ្ដុំនេះ ត្រូវបានគេរំពឹងថា នឹងអូសទាញមនុស្សរាប់ពាន់នាក់ ដើម្បីទាមទារឲ្យនាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា (Prayut Chan-o-cha) ចុះចេញពីតំណែង និងទាមទារឲ្យមានការកែទម្រង់លើរបបរាជានិយមនៅក្នុងប្រទេសថៃ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២០។

ប្រទេសថៃបានមើលឃើញការប្រមូលផ្តុំគ្នាធ្វើបាតុកម្ម ដែលដឹកនាំដោយក្រុមយុវជន ចាប់តាំងពីពាក់កណ្តាលខែកក្កដាមកម្លេះ ជាមួយគោលដៅទាមទារឲ្យអតីតមេបញ្ជាការកងទ័ព ដែលនៅពីក្រោយរដ្ឋប្រហារយោធាឆ្នាំ២០១៤ គឺលោក Prayuth ដែលជាប្រមុខរាជរដ្ឋាភិបាលថៃបច្ចុប្បន្ន ចុះចេញពីតំណែង។ ទន្ទឹមគ្នានេះ ក៏មានទាមទារឲ្យមានការកែទម្រង់របបរាជានិយមថៃ ដែលមានទ្រព្យស្តុកស្តម្ភ និងមានអំណាចខ្លាំងក្លាបំផុតនៅក្នុងព្រះរាជាណាចក្រមួយនេះផងដែរ ខណៈវាជាប្រធានបទមួយដ៏រសើបបំផុត ដោយសារប្រទេសថៃមានច្បាប់យ៉ាងតឹងរឹងប្រឆាំងនឹងការបរិហារកេរ្តិ៍ព្រះមហាក្សត្រ។

គួរបញ្ជាក់ថា ចលនាបាតុកម្មនៅប្រទេសថៃនេះ ដែលត្រូវគេមើលឃើញថាទទួលឥទ្ធិពលពីចលនាបាតុកម្ម នៅទីក្រុងហុងកុងរបស់ចិន កាលពីឆ្នាំមុន គឺពុំមានមេដឹកនាំជាក់លាក់ឡើយ។ ប៉ុន្តែការធ្វើបាតុកម្មនៅចុងសប្តាហ៍នេះ ត្រូវបានរៀបចំឡើងដោយក្រុមនិស្សិតនៃសាកលវិទ្យាល័យ Thammasat នៅទីក្រុងបាងកក ដែលត្រូវបានគេស្គាល់ថាជាក្រុមមួយ ដែលមាននិន្នាការប្រឆាំងខ្លាំងទៅលើសែរាជវង្សនៅក្នុងប្រទេសថៃ៕

Related posts

Leave a Comment