អុញនោះ!អតីតបុគ្គលិកវិទ្យុអាស៊ីសេរី រដ្ឋា វិសាល ចេញមុខការពារលោក ហ៊ុន ម៉ាណែត ហើយទម្លាយថា អាស៊ីសេរីបម្រើវិស័យនយោបាយសម្ងាត់ ក្នុងគោលដៅផ្តួលរំលំរាជរដ្ឋាភិបាល (មានវីដេអូ)

(ភ្នំពេញ)៖ អតីតបុគ្គលិកចំណាស់របស់វិទ្យុអាស៊ីសេរី លោក រដ្ឋា វិសាល នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០នេះ បានចេញមុខការពារភាពស្អាតស្អំរបស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត កូនច្បងរបស់សម្តេចតេជោ ហ៊ុន សែន ចំពោះការបំភ្លៃ និងប្រមាថរបស់ លោក ជុន ចាន់បុត្រ អនុប្រធានវិទ្យុអាស៊ីសេរី ដែលវាយប្រហារថា «លោកបណ្ឌិត ហ៊ុន ម៉ាណែត មិនចេះគួរសមជាមួយលោក នៅពេលជួបគ្នា កាលពីខែមេសា ឆ្នាំ២០១៧»។

ប្រតិកម្មរបស់ អតីតបុគ្គលិកអាស៊ីសេរីរូបនេះ បានធ្វើឡើងបន្ទាប់ពី លោក ជុន ចាន់បុត្រ ដែលកំពុងស្ថិតនៅក្នុងស្ថានភាពមានជំងឺមហារីកខួរក្បាលដំណាក់កាលទី៣ បានចេញអត្ថបទជាបន្តបន្ទាប់ ដោយវាយប្រហារផ្លែផ្កាថា លោកបណ្ឌិត ហ៊ុន ម៉ាណែត «មិនចេះគួរសមដោយសារតែជាកូននាយករដ្ឋមន្រ្តីទៅវិញ» នៅពេលជួបជាមួយរូបលោក ដែលមានវ័យប្រមាណជាង៥០ឆ្នាំផ្លាយ។

លោក រដ្ឋា វិសាល ដែលជាសាក្សីមួយរូបចំពោះការជួបគ្នារវាង លោក ហ៊ុន ម៉ាណែត និង លោក ជុន ចាន់បុត្រ បានលើកឡើងថា ក្នុងអត្ថបទរបស់ លោក ជុន ចាន់បុត្រ «ការរត់គេចពីការតាមចាប់ខ្លួនរបស់ខ្ញុំ» គឺមានចេតនាបំភ្លៃការពិត អុចអាល និងប្រមាថចំពោះ លោកបណ្ឌិត ហ៊ុន ម៉ាណែត។ លោកបញ្ជាក់ថា «ពលរដ្ឋកម្ពុជាស្គាល់ឯកឧត្តម ហ៊ុន ម៉ាណែត ថ្វីត្បិតតែលោកជាកូនរបស់នាយករដ្ឋមន្រ្តី លោកតែងមានភាពសុភាពរាបសារ មិនដែលធ្វើអំពើណាមួយប៉ះពាល់ដល់កិត្តិយសឪពុក ឬជាកូននាយករដ្ឋមន្រ្តីទេ ឯកឧត្តម ហ៊ុន ម៉ាណែត បច្ចុប្បន្ននេះ ត្រូវបានប្រជាពលរដ្ឋ និស្សិតបញ្ញវ័ន្ត មានការគាំទ្រទៅលើអត្តចរិត និងសេចក្តីថ្លៃថ្នូរ ជាពិសេសលោកបានរៀនសូត្រជ្រៅជ្រះបំផុត ដែលសមជាថ្នាក់ដឹកនាំ»។

ចំពោះជំនួបរវាង លោក ជុន ចាន់បុត្រ និង លោក ហ៊ុន ម៉ាណែត កាលពីខែមេសា ឆ្នាំ២០១៧នោះ ត្រូវបាន លោក រដ្ឋា វិសាល បញ្ជាក់ថា មិនមែនដោយសារ លោក ហ៊ុន ម៉ាណែត ជាអ្នកសុំជួបនោះទេ គឺលោក ជុន ចាន់បុត្រ ទៅវិញទេដែលចូលមកកម្ពុជា ហើយមានការព្រួយបារម្ភអំពីសុវត្ថិភាពខ្លួន និងបានស្នើឱ្យមានអង្គរក្សការពារ ដែលលោកយល់ព្រមយកអង្គរក្សពីកងពលតូចលេខ៧០ ព្រមទាំងបានស្នើសុំជួប លោក ហ៊ុន ម៉ាណែត ផងដែរ។ ត្រង់ចំណុចនេះ លោករដ្ឋា វិសាល បានរិះគន់លោក ជុន ចាន់បុត្រ ដែលមានអំនួតជ្រុលហួសហេតុពេករហូតដល់សរសេរក្នុងសំណេររបស់ខ្លួនថា «លោកជួបនេះ មិនមែនចង់បានលុយ ឬតំណែងអ្វីទេ» តែអំនួតនេះ ត្រូវបានឆ្លើយតបយ៉ាងសាមញ ដោយលោក ហ៊ុន ម៉ាណែត គឺលោកព្រមមកជួបនេះ ក៏មិនមានបំណងឱ្យលុយ លោក ជុន ចាន់បុត្រដែរ។

បន្ទាប់ពីការពារនូវភាពស្អាតស្អំរបស់ លោក ហ៊ុន ម៉ាណែត លោក រដ្ឋា វិសាល ដែលបានចូលបម្រើការងារនៅវិទ្យុអាស៊ីសេរីតាំងពីឆ្នាំ២០០២ ក៏បានឆ្លើយតបចំពោះការចោទប្រកាន់របស់ លោក ជុន ចាន់បុត្រ ទៅលើរូបលោកផ្ទាល់ថា ក្បត់មនសិការ វិជ្ជាជីវៈ និងវិទ្យុអាស៊ីសេរី។

លោកបានរៀបរាប់ថា ចាប់ពីឆ្នាំ២០១២-២០១៣ មកវិទ្យុអាស៊ីសេរី មានការប្រែប្រួល ដែលបានបណ្តេញបុគ្គលិកចាស់ៗចោល ដែលជាចេតនាដើម្បីរៀបចំសេនារីយោថ្មី។ សេនារីយោនេះ គឺធ្វើនយោបាយចារកម្ម។ លោកបានរំលឹកអំពីប្រធានវិទ្យុនេះហាមឃាត់លោក មិនឱ្យផ្សាយរឿងជនជាតិម៉ុងតាញ៉ា បង្កើតកងកម្លាំងនៅខេត្តរតនគីរី និងករណីមួយចំនួនទៀត។

លោកបញ្ជាក់ដូច្នេះថា៖ «អាស៊ីសេរី មិនមែនជាប្រព័ន្ធផ្សព្វផ្សាយឯករាជ្យទេ គេមានភាពលំអៀង និងមានគោលដៅរបស់គេ»។ លោកអះអាងថា វិទ្យុអាស៊ីសេរីមានការពាក់ព័ន្ធនឹងនយោបាយ៖ «អាស៊ីសេរីមានគោលដៅតែមួួយគត់គឺធ្វើយ៉ាងម៉េចផ្សព្វផ្សាយព័ត៌មាន ឱ្យប្រជាពលរដ្ឋមានកំហឹងជាមួយរាជរដ្ឋាភិបាល ធ្វើម៉េចឱ្យពួកគេឈប់គាំទ្ររដ្ឋាភិបាល ហើយទៅគាំទ្រគណបក្សណាមួយ ដែលពួកគេរៀបចំទុក ជាគណបក្សមួយដែលស្និទ្ធនឹងអាមេរិក ដើម្បីឱ្យពួកហ្នឹងកាន់អំណាច ហើយងាកទៅគាំទ្រនយោបាយសហរដ្ឋអាមេរិក»។

លោកបានអះអាងទៀតថា «អាស៊ីសេរីមិនមែនជាវិទ្យុដែលបម្រើឱ្យការផ្សាយដើម្បីបម្រើឱ្យសាធារណជនត្រឹមត្រូវទេ ប្រជាធិបតេយ្យទេ គឺគេបម្រើឱ្យនយោបាយសម្ងាត់មួយ ដែលគេបម្រុងនឹងផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា តាមរយៈវិស័យព័ត៌មាន»។ លោកអំពាវនាវឱ្យប្រជាពលរដ្ឋឈប់ចាញ់បោកវិទ្យុអាស៊ីសេរីតទៅទៀត។

លោកលាតត្រដាងទៀតថា បន្ទាប់ពីដកអ្នកចាស់ៗហើយដាក់អ្នកថ្មី អ្នកថ្មីៗទាំងនោះភាគច្រើនជាសែស្រឡាយរបស់អតីតគណបក្សសង្រ្គោះជាតិ ដែលបានយកទៅផ្ញើនឹងវិទ្យុអាស៊ីសេរី ហើយវិទ្យុនេះក៏មានគោលដៅរើសយកតែពួកប្រឆាំងផងដែរ ដោយសារតែមាននិន្នាការប្រឆាំងស្រាប់។ អាស៊ីសេរីមិនចង់ទទួលខុសត្រូវចំពោះមុខច្បាប់ទេ ទើបបានមិនបើកការិយាល័យ ហើយលួចលាក់ផលិតព័ត៌មានជាសម្ងាត់នេះរហូតមក។ សូម្បីតែការបិទការិយាល័យលួចលាក់របស់ខ្លួន ក៏មានការរៀបចំដើម្បីវាយប្រហាររាជរដ្ឋាភិបាលផងដែរ។

សម្រាប់ការចោទប្រកាន់របស់ លោក ជុន ចាន់បុត្រ ចំពោះរូបលោកថាក្បត់វិទ្យុអាស៊ីសេរី លោករដ្ឋា វិសាល យល់ព្រមទទួលយកនូវការចោទប្រកាន់នេះ។ ប៉ុន្តែលោកបានបញ្ជាក់ទៅវិញដូច្នេះថា៖ «ខ្ញុំពេញចិត្តនឹងក្បត់អាស៊ីសេរី ជាជាងខ្ញុំក្បត់ជាតិរបស់ខ្ញុំ»។ ប៉ុន្តែទោះជាយ៉ាងនេះក្តី លោកស្រលាញ់មិត្តរួមការងារកន្លងមក។

សម្រាប់ លោក រដ្ឋា វិសាល, អ្វីដែលលោក ជុន ចាន់បុត្រ ធ្វើនាពេលនេះ មិនមែនត្រឹមផ្សព្វផ្សាយតាមវិជ្ជាជីវៈទេ គឺជាការបំភ្លៃ បំប៉ោង ដើម្បីសងសឹកនឹងរាជរដ្ឋាភិបាល ដែលចោទប្រកាន់លោករឿងបន្លំចូលពន្ធនាគារប៉ុណ្ណោះ៕

Related posts

Leave a Comment