រដ្ឋមន្ត្រីការពារជាតិកម្ពុជា៖ ការចោទប្រកាន់របស់អាមេរិកមកលើកម្ពុជា និងក្រុមហ៊ុនវិនិយោគរបស់ចិនជា «មហិច្ឆតាភូមិសាស្ត្រនយោបាយ»

(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា ការចោទប្រកាន់ពីបញ្ហា រំ លោ ភបំ ពាន សិទ្ធិមនុស្ស និងអំ ពើ ពុក រ លួ យ ពីសំណាក់សហរដ្ឋអាមេរិក មកលើរាជរដ្ឋាភិបាល ព្រមទាំងមន្ត្រីជាន់ខ្ពស់កម្ពុជា និងការដាក់ ទ ណ្ឌកម្មលើក្រុមហ៊ុនវិនិយោគចិន UDG គឺជា «មហិច្ឆតាភូមិសាស្ត្រនយោបាយ»។

ការបញ្ជាក់បែបនេះរបស់ សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើឡើងបន្ទាប់ពីក្រសួងសេដ្ឋកិច្ចនៃសហរដ្ឋអាមេរិក កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបានលើកឡើងថា ខ្លួននឹងដាក់ ទណ្ឌក ម្មទៅលើគម្រោងរបស់ក្រុមហ៊ុន Union Development Group នៅកម្ពុជា ដោយស្របតាមច្បាប់ The Global Magnitsky Human Rights និងបទបញ្ជារដ្ឋបាលពាក់ព័ន្ធរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក។

សម្តេចពិជ័យសេនា ទៀ បាញ់ ថ្លែងប្រាប់ Fresh News យ៉ាងដូច្នេះថា៖ «ក្រុមហ៊ុនមួយនេះ (UDG) កំពុងវិនិយោគត្រឹមត្រូវតាមច្បាប់របស់កម្ពុជា គេពុករ លួ យ រំ លោ ភ សិទ្ធិមនុស្សអីនោះ គឺគ្មានទេ។ ក្រុមហ៊ុននោះគេធ្វើការវិនិយោគដោយត្រឹមត្រូវតាមច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា គ្រប់បែបយ៉ាងទាំងអស់ ហើយគេទទួលអនុវត្តតាមការណែនាំរបស់រដ្ឋាភិបាលទាំងអស់ ដូចដែលក្រុមហ៊ុនដទៃទៀត ដែលធ្វើការវិនិយោគដែរ»។

ពាក់ព័ន្ធនឹងការចោទប្រកាន់ថាកម្ពុជា ប្រគល់មូលដ្ឋានកងទ័ពជើងទឹមរាម ឱ្យទៅភាគីចិន ដើម្បីធ្វើមូលដ្ឋានយោធា និងការចោទប្រកាន់មន្ត្រីជាន់ខ្ពស់កម្ពុជា ពីសំណាក់សហរដ្ឋអាមេរិកនោះ សម្តេចពិជ័យសេនា ទៀ បាញ់ បានគូសបញ្ជាក់ថា នេះមិនមែនជារឿងថ្មីថ្មោង នោះទេ ហើយកម្ពុជាពុំមានការព្រួយបារម្ភឡើយ។

រដ្ឋមន្ត្រីការពារជាតិកម្ពុជា បានហៅការចោទប្រកាន់របស់សហរដ្ឋអាមេរិកថាជា «មហិច្ឆតាភូមិសាស្ត្រនយោបាយ» និងអះអាងថា «បើសួរពីរឿងព្រួយបារម្ភ គឺសម្រាប់ខ្ញុំ មិនមែនជារឿងថ្មីទេ ហើយនេះក៏មិនមែនជារឿងដែលវាទើបកើតឡើងពីឥឡូវនេះដែរ។ និយាយ មែនទែន គឺការចោទប្រកាន់ ការលើកឡើង ការរៀបរាប់តាមការបញ្ជាក់ដ៏គួរឱ្យជឿជាក់បានអីបាននោះ សុទ្ធសឹងតែជាមហិច្ឆតាភូមិសាស្ត្រនយោបាយទេ»។

សម្តេចបានបន្តថា «ខ្ញុំក៏មិនចង់និយាយអីវែងឆ្ងាយទេ។ គ្មានរឿងអីពិតប្រាកដទាល់តែសោះ ហើយរឿងកន្លែងខ្លះនឹងទៅជាអញ្ចេះជាអញ្ចុះ តាមការគិតគូររបស់គេនោះ គឺដើម្បីបម្រើផលប្រយោជន៍ខាងភូមិសាស្ត្រនយោបាយតែប៉ុណ្ណឹងឯង។ វាគ្មានអីចម្លែកទេ គឺតាំងពីណាណីមក»។

«មូលដ្ឋានរបស់សហរដ្ឋអាមេរិក មាននៅពាសពេញពិភពលោកវាអត់មាននរណាសួរដេញដោលដល់សហរដ្ឋអាមេរិកផង។ ចំណែក កន្លែងផ្សេងៗ មិនទាន់ទាំងមានអីផងមិនទាន់ទាំងធ្វើអីផង ហើយតាំងថាទុកចិត្តបានត្រូវធ្វើអីចេះ អីចុះ។ ពិបាកពន្យល់ណាស់ខ្ញុំគ្មានអីពន្យល់បានទេ ហើយបើថាឱ្យមានការកង្វល់ ឬក៏ការបារម្ភ អីក៏មិនដឹងជាទៅបារម្ភកង្វល់អីក៏វាអត់បានការដែរ ពីព្រោះមហាអំណាចគេចង់ធ្វើអី គឺធ្វើតាមតែចិត្តគេទេ។ រឿងមិនពិតគេប្រឌិតឱ្យពិតក៏ថាបានរឿងគេចង់ដំណើរការអីគេចេះតែ ធើបានទៅតាមឆន្ទៈរបស់គេដែលគេចង់បានតែប៉ុណ្ណឹង។ ដូច្នេះ រឿងនេះ គឺជារឿងដែលយើងមិនអាចទៅពន្យល់ ឬក៏បកស្រាយអីបានទេ»។ នេះជាការបញ្ជាក់បន្ថែមរបស់សម្តេចពិជ័យសេនា៕

Related posts

Leave a Comment