កម្ពុជា-វៀតណាម​ !! ក្រសួង​មហាផ្ទៃ នឹង​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​ការដំឡើង​កម្រិត​ច្រកទ្វារ​ព្រំដែន ម៉ឺនជ័យ ទៅជា​ច្រកទ្វារ​ព្រំដែន​អន្ដរជាតិ(កម្ពុជា-វៀតណាម)

ភ្នំពេញ៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី៣ ខែកញ្ញានេះ បានបើកកិច្ចប្រជុំពិភាក្សាត្រៀមរៀបចំដាក់ឲ្យដំណើរការជាផ្លូវការនូវការដំឡើងកម្រិតច្រកទ្វារព្រំដែន ម៉ឺនជ័យ ទៅជាច្រកទ្វារព្រំដែនអន្ដរជាតិ (កម្ពុជា-វៀតណាម) ក្រោមវត្តមានលោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ។

បើតាមលោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ បានរម្លឹកឱ្យដឹងថា នាពេលកន្លងមក រដ្ឋាភិបាលនៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម បានឯកភាពគ្នាដំឡើងកម្រិតច្រកទ្វារព្រំដែន ម៉ឺនជ័យ ទៅជាច្រកទ្វារអន្ដរជាតិ ដើម្បីបង្កើនកិច្ចសហការជាមួយប្រទេសជិតខាង និងសម្រួលដល់ការធ្វើដំណើរ ក៏ដូចជាការធ្វើពាណិជ្ជកម្មរវាងប្រជាជននៃប្រទេសទាំងពីរ ឱ្យមានភាពល្អប្រសើរលើគ្រប់វិស័យ។

លោក សក់ សេដ្ឋា បន្ដថា ដើម្បីធានាដល់ការសម្ពោធច្រកទ្វារព្រំដែនម៉ឺនជ័យ នាពេលខាងមុខនេះ ក្រសួមហាផ្ទៃ ក៏បានចាត់ឲ្យលោកសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដឹកនាំគណៈប្រតិភូ ចុះទៅជួបពិភាក្សាការងារជាមួយភាគី វៀតណាម ចំនួន២លើកផងដែរ។

សូមជម្រាបថា ច្រកទ្វារព្រំដែនម៉ឺនជ័យ គឺមានទីតាំងស្ថិតនៅក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង ដែលជាប់នឹងច្រកទ្វារតំបន់ព្រំដែន តឺនណា ខេត្តតៃនិញ ប្រទេសវៀតណាម៕

Related posts

Leave a Comment