ចែកគ្នាដឹង! ក្រសួងបញ្ជាក់អាការជំងឺអុតស្វា ដែលកំពុងផ្ទុះឆ្លងនៅបណ្ដាប្រទេសអឺរុប និង អាមេរិក

នៅព្រឹកថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២២ នេះ តាមរយៈក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា លោកជំទាវវេជ្ជបណ្ឌិត​ ឱ​ វណ្ណឌីន​ រដ្ឋលេខាធិការ​ និង ជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានពន្យល់ពីស្ថានភាពជំងឺអុតស្វា​ (Monkeypox) នៅលើសកលលោក និង សូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់​ បន្តប្រុងប្រយ័ត្ន​ការពារខ្លួន​ និង រក្សាអនាម័យ​ បរិភោគអាហារឆ្អិនល្អ ព្រមទាំងចៀសវាងប៉ះពាល់ផ្ទាល់ជាមួយអ្នកដែលឈឺជំងឺអុតស្វា​ ឬ សត្វ​ (រស់​ ឬ ស្លាប់)។

ទោះបីជាជំងឺឆ្លងនេះ មិនទាន់មានវត្តមាននៅកម្ពុជាក៏ពិតមែន ប៉ុន្តែក្រសួងបានបញ្ជាក់ពីអាការរបស់វា ដែលមានដូចជា ៖

– ក្តៅខ្លួន ឈឺក្បាលខ្លាំង ហើមកូនកណ្តុរ ឈឺសាច់ដុំ និង ចេញកន្ទួលដែលមានពងបែក។

– កន្ទួលមានទំនោរប្រមូលផ្តុំនៅលើមុខ បាតដៃ និង បាតជើង។

– មាត់ ប្រដាប់ភេទ និង ភ្នែក ក៏អាចរងផលប៉ះពាល់ផងដែរ។

– រោគសញ្ញា និង កន្ទួលលើស្បែក ជាទូទៅមានរយៈពេលជាច្រើនសប្តាហ៍។ដោយឡែក ចំពោះការព្យាបាលជំងឺអុតស្វា ក្រសួងបានបញ្ជាក់បែបនេះថា ​៖

– ករណីភាគច្រើន រោគសញ្ញានៃជំងឺអុតស្វានេះ នឹងបាត់ទៅវិញដោយខ្លួនឯងក្នុងរយៈពេលពី ២ ទៅ ៣ សប្តាហ៍ ប៉ុន្តែក្នុងករណីខ្លះ ជំងឺនេះអាចនាំឱ្យមានភាពស្មុគស្មាញក្នុងការព្យាបាល និង អាចបណ្តាលឱ្យស្លាប់ដែរ។

– ការព្យាបាលត្រូវធ្វើការថែទាំតាមបែបគ្លីនិក (Clinical care) ដើម្បីបង្កើនប្រសិទ្ធភាពពេញលេញ និង កាត់បន្ថយរោគសញ្ញា ព្រមទាំងធ្វើការគ្រប់គ្រងផលវិបាកលើសរីរាង្គបន្ថែមបណ្តាលមកពីជំងឺឆ្លងនេះ និង ការការពារផលវិបាក ឬ ស្រឡាក រយៈពេលវែង ដែលត្រូវអនុវត្តឱ្យបានដិតដល់។

– ត្រូវបានផ្តល់ជាតិទឹក និង អាហារឱ្យបានគ្រប់គ្រាប់ដល់អ្នកជំងឺ ដើម្បីរក្សាស្ថានភាពអាហារូបត្ថម្ភបានល្អ។

– ការឆ្លងមេរោគ ឬ បាក់តេរីបន្ទាប់បន្សំ គួរតែត្រូវបានព្យាបាលតាមសភាពជាក់ស្តែង៕


Leave a Reply

Your email address will not be published.