ការពិតណាស់ ថ្មីៗនេះ មហាជនអ្នកគាំទ្របានផ្ទុះការប្រតិកម្មជាខ្លាំង បន្ទាប់ពីបានឮម្តាយរបស់តារាស្រី Tangmo បាននិយាយថា ហាយសូ Poh អាចនឹងផ្ដល់លុយជាសំណងជំងឺចិត្តប្រមាណ ៣០ លានបាត ដែលស្មើជិត ១ លានដុល្លារលើរឿងរ៉ាវនៃការស្លាប់របស់ Tangmo រហូតធ្វើឱ្យមហាជនផ្ទុះការសង្ស័យថា រឿងក្តីនេះប្រហែលត្រូវបញ្ចប់បន្ទាប់ពីម្តាយទទួលលុយ។
យ៉ាងណាមិញ ពេលនេះមក ម្តាយរបស់តារាស្រី Tangmo ក៏បានចេញមុខបញ្ជាក់រួចហើយដែរថា លោកស្រីពុំបានទទួលលុយនោះឡើយ លោកស្រីគ្រាន់តែលើកជាឧទាហរណ៍ ព្រោះលោកស្រីមិនបានគិតលុយសំខាន់ជាងកូនឡើយ តែទោះលោកស្រីចេញមុខបញ្ជាក់បែបនេះក្ដី សម្រាប់មហាជននៅតែរិះគន់ រហូតម្នាក់ៗចោទសួរលោកស្រីថា តើលោកស្រីពិតជាម្តាយពិតប្រាកដរបស់ Tangmo ដែរឬទេ បានជាលោកស្រីហាក់មិនសូវមានមនោសញ្ចេតនាចំពោះនាងសោះអ៊ីចឹង?
បន្ទាប់ពីមហាជនផ្ទុះការសង្ស័យ ក៏ដូចជាចោទសួរបែបនេះ ស្រាប់តែថ្មីៗនេះខាងសារព័ត៌មាន Amarintv បានជីកកកាយរឿងរ៉ាវចាស់លើកយកមកជជែកវែកញែកជាថ្មីឡើងវិញ ដោយជាក់ស្តែង នៅថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០២២ កន្លងទៅនេះ ខាងសារព័ត៌មាន Amarintv ក៏បានចុះទៅសម្ភាសផ្ទាល់ជាមួយលោកស្រី Phrai Chaimongkut ជាប្អូនស្រីបង្កើតរបស់ Phairat Chaimongkut ដែលគេសង្ស័យថា ជាម្តាយបង្កើតរបស់តារាស្រី Tangmo ។
ក្នុងនោះលោកស្រីបានទម្លាយថា កាលពីកន្លងទៅបងស្រីរបស់លោកស្រីបានសាងស្នេហ៍ជាមួយលោក Weerasak Suwannaporn (ឪពុករបស់ Tangmo) រហូតបានកូនស្រីម្នាក់ ដោយដាក់ឈ្មោះថា Tangmo។
បន្ទាប់មក ពេល Tangmo មានអាយុ ៤ ឆ្នាំ អ្នកទាំងពីរក៏បានលែងលះគ្នា ដោយ Tangmo ត្រូវស្ថិតនៅក្រោមការមើលថែរបស់ឪពុកផ្ទាល់។ គ្រានោះលោក Weerasak ក៏បានយក Tangmo ទៅរស់នៅជាមួយនៅឯទីក្រុងបាំងកក ហើយរូបនាងក៏ត្រូវឃ្លាតឆ្ងាញពីម្តាយបង្កើតចាប់ពីពេលនោះ រហូតមានពេលមួយ បងស្រីរបស់លោកស្រី បានតាមរកកូន តែត្រូវបានឪពុកផ្តាច់ទំនាក់ទំនង មិនឱ្យបងស្រីរបស់លោកស្រីបានជួបកូនឡើយ។
តែគួរឱ្យស្ដាយ នៅឆ្នាំ ២០១១ បងស្រីរបស់លោកស្រី ដែលត្រូវជាម្តាយបង្កើតរបស់ Tangmo ក៏បានបាត់បង់ជីវិត ដោយសារតែដួលម៉ូតូ ហើយពេលនោះ លោកស្រីក៏បានព្យាយាមទាក់ទងទៅ Tangmo ដើម្បីចង់ឱ្យនាង មកជូនដំណើរម្តាយបង្កើតជាលើកចុងក្រោយ ព្រោះលោកស្រីជឿថា នាងនៅពុំទាន់ដឹងថាម្តាយបង្កើយខ្លួនជានរណាឱ្យប្រាកដ និង បានស្លាប់ទៅហើយនោះទេ តែចុងក្រោយរឿងរ៉ាវនោះក៏បានស្ងាត់ទៅវិញ ហើយខាងឪពុករបស់ Tangmo ក៏បានបដិសេធ និង មិនទទួលស្គាល់ឡើយចំពោះរឿងរ៉ាវនេះ។ មិនតែប៉ុណ្ណោះ ពេលនោះលោកស្រី ក៏មិនដឹងធ្វើបែបណានោះដែរ ពោលគឺបណ្តោយឱ្យរឿងនោះចប់ និង ឈប់ទាក់ទងទៀត តែពេលនេះលោកស្រីបានទទួលដំណឹងថា Tangmo បានស្លាប់ លោកស្រីពិតជាខូចចិត្តណាស់។
ក្រោយបានឮព័ត៌មានដូច្នេះ កាន់តែធ្វើឱ្យមហាជនផ្ទុះការសង្ស័យលើសដើមថា Tangmo អាចជាកូនបង្កើតរបស់នារីរូបនោះ ឬយ៉ាងណា ព្រោះបើងាកទៅមើលមុខមាត់ក៏ដូចគ្នាខ្លាំងផងដែរ៕