ព្រះនាងតូច ជេនណា រៀបរាប់ពីសមាណទុក្ខយ៉ាងចាក់ដោត ខណៈចូលរួមពិធីបុណ្យសពម្ដាយឪពុក សុវត្ថិឌី ធារិកា

មរណភាពរបស់ឪពុកម្ដាយ សុវត្ថិឌី ធារិកា បានធ្វើឱ្យមហាជនអ្នកលេងបណ្ដាញសង្គម ជាពិសេសក្នុងសង្គមសិល្បៈទាំងមូល ពិតជាមានសេចក្ដីសោកស្ដាយជាពន់ពេក ជាពិសេសសង្វេគអាណិតខ្លាំងចំពោះតារាចម្រៀងរូបនេះ និង ប្អូនប្រុស ដែលជួបទុកដ៏ធំធេងបាត់បង់មនុស្សជាទីស្រឡាញ់ម្ដងពីរនាក់ត្រឹមតែមួយប៉ប្រិចភ្នែកគ្មានថ្ងៃវិលត្រឡប់។

ក្រឡេកទៅមើលក្នុងទិដ្ឋភាពបុណ្យសព ដែលរៀបចំឡើងនៅវត្តស្ទឹងមានជ័យ ឃើញថាមានសិល្បករសិល្បការិនីជាច្រើនដួងបានចូលរួមធ្វើការគោរពវិញ្ញាណក្ខន្ធម្ដាយឪពុក សុវត្ថិឌី ធារិកា និង បង្ហាញការចូលរួមរំលែកទុក្ខ និង ផ្ដល់កម្លាំងចិត្តដល់តារាចម្រៀងស្រីរូបនេះជាបន្តបន្ទាប់។

ក្នុងកម្មវិធីបុណ្យសពនេះដែរ នៅថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២២ គេក៏បានឃើញ ព្រះនាងតូច នរោត្តម ជេនណា ក៏បានយាងទៅកម្មវិធីបុណ្យសពម្ដាយឪពុក សុវត្ថិឌី ធារិកា ដោយផ្ទាល់ ព្រមទាំងព្រះនាងបានធ្វើការបង្ហោះសាររៀបរាប់បង្ហាញពីទឹកព្រះទ័យតក់ស្លុត និង យល់ពីអារម្មណ៍ដ៏សោកសង្រេងនៃការបាត់បង់ដ៏ធំធេងនេះ ដែលបានធ្វើការចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំ និង លើកទឹកចិត្តចំពោះ សុវត្ថិឌី ធារិកា ផងដែរ។

«ដ្បិតតែពេលនេះ ជាពេលដែលខ្ញុំកំពុងកាន់មរណទុក្ខជីដូនខ្ញុំក៏ពិតមែន តែដោយបានឃើញដំណឹងដ៏រន្ធត់នៃមរណភាពរបស់ឪពុកម្តាយបងស្រី សុវត្ថិឌី ធារិកា ធ្វើឱ្យខ្ញុំស្លុតរន្ធត់ចិត្តជាខ្លាំង ពូមីងគឺជាមនុស្សល្អ ស្លូតបូតណាស់ ហើយក៏បណ្តាលឱ្យខ្ញុំសម្រេចចិត្តថា ទៅចូលរួមរំលែកទុក្ខជាមួយគ្រួសារបងស្រី ក្នុងនាមជាអ្នកសិល្បៈដូចគ្នា នៅកន្លែងប្រារព្ធបុណ្យសពផ្ទាល់តែម្តង ក្នុងវត្តស្ទឹងមានជ័យ រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២២។

បងស្រី ធារិកា ខ្ញុំពិតជាបានយល់ច្បាស់នូវអារម្មណ៍នៃការចាកចេញគ្មានថ្ងៃត្រឡប់វិញរបស់អ្នកជាទីស្រឡាញ់។ បងស្រីបាត់បង់អ្នកជាទីស្រឡាញ់ដល់ទៅពីរនាក់ក្នុងពេលតែមួយ ជាអ្វីដែលពិបាកទទួលយកបំផុត សម្រាប់រូបខ្ញុំ ខ្ញុំបាត់បង់ជីដូនដែលខ្ញុំឱប ខ្ញុំថើបរាល់ថ្ងៃ ជីដូនដែលមានព្រះព្រហ្មវិហារធម៌ ទ្រូងខ្ញុំមានទម្ងន់ទុក្ខធ្ងន់ហួសប្រមាណណាស់ទៅហើយ ចុះទម្រាំបងស្រីវិញ តើក្នុងទ្រូងមានសមានទុក្ខធ្ងន់ប៉ុនណាទៅ។ ការបាត់បង់នេះ ជាការឈឺចាប់ដ៏ធំបំផុត ទុក្ខទាំងប៉ុន្មាន មានពេញទ្រូង ដែលមិនអាចវាស់បាន ទោះបីជាយើងយំរីងខះអស់ទាំងខ្លួន ក៏ពួកគាត់មិនអាចអោយគាត់ត្រឡប់មកវិញបានដែរ។

ខ្ញុំគ្មានអ្វីចូលរួមក្រៅពីជួយរំលែកទុក្ខសោកដ៏ក្រៀមក្រំនេះ និង សុំឱ្យបងស្រីរឹងមាំឡើង លោកម្តាយ និង លោកឪពុករបស់បងស្រី និង ទៅដល់ឋានសួគ៌សុគតិភព ហើយពួកគាត់និងតាមថែរក្សាបង និងក្រុមគ្រួសារជាមិនខាន»៕

Leave a Reply

Your email address will not be published.