មិន​ធ្លាប់ដឹងសោះ! ត្រីបបែលយក្សទឹកសាប អាចមានទម្ងន់​​ជិត​៦០០គីឡូក្រាម

យោងតាមការបង្ហោះរបស់ គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ (Wonders of the Mekong) បានឱ្យដឹង​កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២​ថា ត្រីបបែលយក្សទឹកសាបនៅប្រទេសកម្ពុជា​ អាចមានទម្ងន់ជិត ៦០០គីឡូក្រាមឯណោះ។

គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ រៀបរាប់ថា កាលពីប៉ុន្មានសប្តាហ៍មុន ក្រុមការងាររបស់យើងបានសង្គ្រោះត្រីបបែលយក្សទឹកសាប​មួយក្បាល ដែលគេកម្រនឹងប្រទះឃើញ ហើយក៏ជិតផុតពូជផងដែរ។ វាមានទម្ងន់ ៤០០ផោន (ជាង១៨០គីឡូក្រាម) ប្រវែង ១៣ហ្វីត (ជិត៤ម៉ែត្រ)។

គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ បានសរសេរយ៉ាងដូច្នេះថា៖ តើជឿ ឬមិនជឿ ថាត្រីបបែលយក្សដ៏អស្ចារ្យទាំងនេះ អាចមានទម្ងន់ជាង ១៣០០ ផោន (ជិត ៥៩០គីឡូក្រាម) និងអាចលូតលាស់ដល់ប្រវែងជាង ១៦ ហ្វីត (ជិត៥ម៉ែត្រ)?។

ក្រុមអ្នកស្រាវជ្រាវមានជំនឿថា ត្រីបបែលយក្សនេះ អាចស្វែងរកកន្លែងជ្រកកោននៅជិតអន្លង់ជ្រៅៗ ដែលគេមិនធ្លាប់បានរុករកនៅក្នុងទន្លេមេគង្គ​ ខណៈទន្លេនេះជាជម្រករបស់ត្រីទឹកសាប ដែលមានទំហំធំៗ បំផុតនៅលើពិភពលោក។

គួររម្លឹកថា កាលពីពេលថ្មីៗនេះ ត្រីបបែលយក្សទឹកសាបញីមួយក្បាល មានឈ្មោះវិទ្យាសាស្ត្រ (Urogymnus polylepis) ទម្ងន់ ១៨០គីឡូក្រាម ត្រូវអ្នកនេសាទចាប់បានដោយចៃដន្យ នៅក្នុងទន្លេមេគង្គ ក្នុងភូមិកោះព្រះ ឃុំកោះព្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ ជាមួយគ្នានោះ ​មន្ត្រីគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ រៀបចំនីតិវិធីព្រលែងទៅក្នុងទឹកទន្លេមេគង្គវិញ ដើម្បីអភិរក្សពពួកត្រី ដែលកំពុងរងគ្រោះជិតផុតពូជនេះ៕

Leave a Reply

Your email address will not be published.