ត្រៀមឲ្យហើយទៅ! សេចក្ដីព្រាងច្បាប់ថ្មី ហ៊ានតែជួបជុំលើសពី២នាក់ ​ក្នុង​១,២​ម៉ែត្រក្រឡា នោះអ្នកនឹងមានបញ្ហា…

ភ្នំពេញ​៖ សេចក្តីព្រាងច្បាប់​ស្តីពី សណ្ដាប់ធ្នាប់​សាធារណៈ ដែល​រដ្ឋាភិបាល​កំពុង​រៀបចំ​នោះ បានកំណត់​ឱ្យ​ឈរ​ជួបជុំគ្នា​តែ​២​នាក់​ប៉ុណ្ណោះ នៅក្នុង​រង្វង់​១,២០​ម៉ែត្រក្រឡា នៅក្នុង​ព្រឹត្តិការណ៍​អ្វីមួយ ដែលមាន​ការអនុញ្ញាត​ពី​អាជ្ញាធរ​។ សង្គម​ស៊ីវិល បារម្ភ​ថា ច្បាប់​នេះ អាច​ជាការ​រឹតត្បិត​សិទ្ធិ​ជួបជុំ និង​បញ្ចេញមតិ​របស់​ពលរ​ដ្ឋ​។​

លោក អ៊ុក គឹម​លេខ ដែល​ដឹកនាំ​រៀបចំ​សេចក្តីព្រាងច្បាប់​ស្តីពី​សណ្ដាប់ធ្នាប់​សាធារណៈ​នេះ បាន​អះអាងថា ការ​កំណត់ឱ្យ​មនុស្ស​ត្រឹមតែ​២​នាក់ ឈរ​នៅក្នុង​ចន្លោះ​ជាង​១​ម៉ែត្រក្រឡា​នេះ គឺ​ដើម្បី​រក្សា​គម្លាត​សង្គម និង​ដើម្បី​រៀបចំ​សណ្ដាប់ នៃ​ការជួបជុំ កុំ​ឱ្យមាន​បញ្ហា ឬ​គ្រោះថ្នាក់​ណាមួយ ដែល​អាច​កើតឡើង​ជាយថាហេតុ​។

រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​ចន្លោះ​ជាង​១​ម៉ែត្រ​នេះ គឺ​យើង​ចង់ឱ្យ​ពួកគេ​ឈរ​នៅ​ឃ្លាត​ពីគ្នា កុំឱ្យ​នៅ​ឈរ​ប្រមូលផ្ដុំ​ប្រជ្រៀត​គ្នា ព្រោះ​យើង​មាន​ឧទាហរណ៍ ដូចជា​ករណី​រត់​ជាន់គ្នា​នៅ​កោះ​ពេជ្រ​ហើយ ដោយសារ​ការ​ប្រជ្រៀត​គ្នា​»​។​

​ជំពូក​ទី​៥ ត្រង់​មាត្រា​៣៣ នៃ​សេចក្តីព្រាងច្បាប់​ពី​សណ្ដាប់ធ្នាប់​សាធារណៈ បាន​ចែងថា ការរៀបចំ​ព្រឹត្តិការណ៍ ត្រូវ​ចាត់តាំង​ឱ្យមាន​អ្នកគ្រប់គ្រង ឬ​អ្នកទទួលខុសត្រូវ​។ អ្នកគ្រប់គ្រង និង​អ្នកទទួលខុសត្រូវ ដែលមាន​មនុស្ស​ជួបជុំ ត្រូវ​កំណត់​បរិមាណ​មិន​លើសពី​ចំនួន​២​នាក់ ក្នុង​១,២០​ម៉ែត្រក្រឡា​។​

​ដោយឡែក​មាត្រា ៣០​វិញ បាន​ចែងថា ការរៀបចំ​ព្រឹត្តិការណ៍ ដូចជា ពិធី​សម្ដែង​សិល្បៈ កីឡា ពិធីបុណ្យ ពិធី​រៀប​អាពាហ៍ពិពាហ៍ ខួបកំណើត សកម្មភាព​វប្បធម៌ ពិធី​តាំង​ពិ​ព័រ​ណ៌​ជាអាទិ៍ នៅលើ​ដងផ្លូវ​ឬ​នៅ​ទីសាធារណៈ ត្រូវមាន​ការអនុញ្ញាត​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​។​

​ដ្បិត​ក្នុង​មាត្រា​ទាំងនេះ មិន​និយាយ​ពី​រឿង​ការប្រមូលផ្ដុំ​តវ៉ា​ក្តី ក៏​សង្គម​ស៊ីវិល នៅ​បារម្ភ​ថា ច្បាប់​នេះ អាច​ជាការ​រឹតត្បិត​សិទ្ធិ​ជួបជុំ និង​បញ្ចេញមតិ​របស់​ពលរ​ដ្ឋ​។ មន្ត្រីជាន់ខ្ពស់ និង​ជា​អ្នកនាំពាក្យ​នៃ​សមាគម​សិទ្ធិមនុស្ស​អាដ​ហុក លោក សឹង សែន​ករុណា យល់ឃើញថា ការតាក់តែង​អ្វីមួយ ភាគច្រើន​អាច​ស្ថិតនៅក្នុង​គោលបំណង ចង់​គ្រប់​ដណ្តប់​ទៅ​ចំណុច​អ្វី​មួយទៀត​។​

«​ជាធម្មតា​ដូច​យើង​ដឹង​ហើយ​ថា អ្នក​ដែល​ធ្វើការ​ទាមទារ​តវ៉ា តស៊ូ​មតិ គាត់​មិនសូវ​ជា​គិតគូ​ទៅលើ​បញ្ហា​រឿង​ដែល​ច្បាប់​រៀបចំ​អ៊ីចឹង​ទេ ព្រោះ​ពួកគាត់​ភាគច្រើន មានការ​ទាមទារ ដោយ​អារម្មណ៍​ពុះកញ្ជ្រោល​ចង់​ស្រែក​ទាមទារ​។ អ៊ីចឹង​ឃើញថា ច្បាប់​នេះ កាលណា​បង្កើតឡើង​ហើយ គឺជា​មូលហេតុ​គ្រប់គ្រាន់​នៃ​ការយក​ច្បាប់​នេះ ជា​សម្អាង ដើម្បី​ធ្វើការ​បង្ក្រាប​លើ​សំឡេង ដែល​ហ៊ាន​រិះគន់

ហ៊ាន​តវ៉ា​ទាំងអស់​ហ្នឹងហើយ បើសិន​ជាមាន​ការមិន​គោរព​លើ​ច្បាប់​ហ្នឹង គេ​ច្បាស់​ជា​ប្រើ​ច្បាប់​ហ្នឹង ក្នុងការ​ចាប់បង្ខំ ឬ​ចាត់វិធានការ​ទៅលើ​អ្នក​ដែល​មិន​គោរព​តាមច្បាប​ហ្នឹងហើយ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក សឹង សែន​ករុណា ដែល​បាន​បន្ថែមថា រដ្ឋាភិបាល គួរតែ​សិក្សា និង​ដោះស្រាយ​នូវ​ចំណុច​បញ្ហា​ណា ដែល​ពលរដ្ឋ​ចង់បាន ប្រសើរ​ជាង​ការបង្កើត​ច្បាប់​កាន់តែ​ច្រើនឡើងៗ​។​

​តែ​យ៉ាងណា​លោក អ៊ុក គឹម​លេខ អះអាងថា ការតាក់តែង​ខ្លឹមសារ​ត្រង់ចំណុច​នៃ​ការជួប​ជុំគ្នា​របស់​ពល​រដ្ឋ​នេះ មិនមែន​ដើម្បី​រឹតត្បិត​សិទ្ធិសេរីភាព​នៃ​ការប្រមូលផ្ដុំ​បញ្ចេញមតិ​ពួកគេ​ឡើយ ប៉ុន្តែ​ជា​ដាក់ឱ្យ​ពលរដ្ឋ​អនុវត្ត​ទូទៅ នៅក្នុង​ព្រឹត្តិការណ៍​នានា​ទាំងអស់​។​

រដ្ឋលេខា​ក្រសួងមហាផ្ទៃ​រូបនេះ បាន​សង្កត់ធ្ងន់​ដូច្នេះ​ថា​៖«​មាន​គេ​សួរ​ខ្ញុំ​ច្រើន​មកហើយ​ថា តើ​ច្បាប់​សណ្ដាប់ធ្នាប់​សាធារណៈ​នេះ បង្កើត​មក​ដើម្បី​រឹតត្បិត​ការបញ្ចេញមតិ​ពលរដ្ឋ​? ខ្ញុំ​សូមបញ្ជាក់ថា ច្បាប់​នេះ គឺ​ចង់​រៀបចំ និង​គ្រប់គ្រង​សណ្ដាប់ធ្នាប់​សាធារណៈ គឺ​វា​ខុសគ្នា​ពី​ច្បាប់​ស្តីពី​ការធ្វើ​បាតុកម្ម ការតវ៉ា ដូច្នេះ​កុំ​យក​ច្បាប់​ស្តីពី​ការធ្វើ​បាតុកម្ម យក​ភ្ជាប់​ជាមួយ​ច្បាប់​ស្តីពី​សណ្ដាប់ធ្នាប់​សាធារណៈ​។ គឺ​វា​ខុសគ្នា​ទេ​»​។ ​

​បច្ចុប្បន្ន​សេចក្តីព្រាងច្បាប់ ស្តីពី​សណ្ដាប់ធ្នាប់​សាធារណៈ​នេះ កំពុង​ស្ថិតនៅ​ក្នុងការ​ស្ទង់​មតិ និង​កែតម្រូវ​បន្ថែម​ពី​មន្ត្រី​មូលដ្ឋាន​រាជធានី​-​ខេត្ត ដើម្បី​ប្រមូល​ធាតុ​ផ្សំ​ចូល​បន្ថែម មុននឹង​ឈានដល់​ការដាក់​ប្រជុំ​ពិគ្រោះ​យោបល់​អន្តរក្រសួង​ក្រសួង សង្គម​ស៊ីវិល និង​ភាគី​ពាក់ព័ន្ធ​ផ្សេងទៀត​។​

Related posts

Leave a Comment