ក្រសួងសុខាភិបាល រកឃេីញអ្នកឆ្លងជំងឺកូវីដ១៩​ ថ្មី​ ២នាក់​ទៀត​ និងជាសះស្បើយ០២នាក់

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពីករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ០២នាក់ និងករណីជាសះស្បើយ០២នាក់ នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០នេះ។ ក្រសួងសុខាភិបាល បានឲ្យដឹងថា អ្នកឆ្លងជំងឺកូវីដ១៩ថ្មី២នាក់នេះ គឺបុរសជនជាតិខ្មែរម្នាក់ និងស្ត្រីជនជាតិកាហ្សាក់ស្តង់ម្នាក់ ដែលសុទ្ធសឹងជាករណីនាំចូល។

– បុរសជនជាតិខ្មែរអាយុ ៣៤ឆ្នាំ មានអាស័យដ្ឋាននៅភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល។ ការវិភាគវត្ថុសំណាកលើកទី០២ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ របស់គាត់ទទួលបានលទ្ធផលតេស្ត វិជ្ជមានវីរុសកូវីដ-១៩ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។

បុរសរូបនេះ ជាអ្នកបានធ្វើដំណើរពីប្រទេសប៉ាគីស្ថាន បន្តជើងយន្តហោះនៅប្រទេសម៉ាឡេស៊ី មកប្រទេសកម្ពុជា ហើយត្រូវបានធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កបូរី១០០ខ្នង រាជធានីភ្នំពេញ តាំងពីពេលនោះមក រហូតដល់ការធ្វើតេស្តលើកទីពីរនេះ ឃើញ វិជ្ជមានវីរុសកូវីដ-១៩នេះ។

– ស្ត្រីជនជាតិកាហ្សាក់ស្តង់អាយុ ៤២ឆ្នាំ បានធ្វើដំណើរពីប្រទេសកាហ្សាក់ស្តង់ បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់ប្រទេសកម្ពុជា នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០។ លទ្ធផលវិភាគវត្ថុសំណាករបស់គាត់ មានលទ្ធផលតេស្តវិជ្ជមានវីរុសកូវីដ-១៩ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ បច្ចុប្បន្ន ត្រូវបានដាក់ឱ្យ សម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាព-ខ្មែរសូវៀត។

ជើងហោះហើរនេះ មានអ្នកដំណើរសរុបចំនួន២៩នាក់ (ស្ត្រី ១២នាក់ បុរស ១៣នាក់ និងកុមារ ០៤នាក់) ក្នុងនោះមានជនជាតិខ្មែរ១៦នាក់ (ស្ត្រី ០៦នាក់) ជនជាតិកូរ៉េ០២នាក់ (ស្ត្រី០១នាក់) ស្ត្រីជនជាតិអាមេរិកកាំង០៣នាក់ ជនជាតិវៀតណាម០២នាក់ (ស្ត្រី០១នាក់) ជនជាតិកាហ្សាក់ស្តង់០៣នាក់ (ស្ត្រី ០១នាក់) បុរសជនជាតិចិន០១នាក់ បុរសជនជាតិប៉ាគីស្ថាន០១នាក់ និងបុរសជនជាតិកាណាដា ០១នាក់។ ចំពោះអ្នកដំណើរ ដែលមានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ត្រូវបានដាក់ឱ្យ ធ្វើចត្តាឡីស័កនៅសណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ។

សម្រាប់ករណីជាសះស្បើយវិញមាន២នាក់ គឺស្ត្រីជនជាតិខ្មែរ០១នាក់ និងកុមារីជនជាតិអាមេរិកកាំង០១នាក់៖

– ស្ត្រីជនជាតិខ្មែរអាយុ ៦០ឆ្នាំ ដែលមានអាស័យដ្ឋានស្នាក់នៅបុរីប៉េងហួតបឹងស្នោរ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានធ្វើដំណើរមកពីសហរដ្ឋអាមេរិក បន្តជើងហោះហើរនៅប្រទេសចិន (តៃប៉ិ) មកកម្ពុជា ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ១៩ ចំនួន០២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យមិត្តភាព-ខ្មែរសូវៀត។ សូមកត់សម្គាល់ថា ស្ត្រីរូបនេះត្រូវបានបញ្ជូនមកពីមណ្ឌលសុខភាពចាក់អង្រៃ មកសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០។

– កុមារីជនជាតិអាមេរិកកាំង (សូមកែតម្រូវពីស្ត្រីមកកុមារីវិញ) មានអាស័យដ្ឋានស្នាក់នៅក្នុងស្ថានទូតអាមេរិក ប្រចាំកម្ពុជា រាជធានីភ្នំពេញ។ គាត់បានធ្វើដំណើរពីសហរដ្ឋអាមេរិក បន្តជើងហើរនៅប្រទេសកូរ៉េខាងត្បូងមកកម្ពុជា ត្រូវបានរាយការណ៍ដោយស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាថា បានព្យាបាលជាសះស្បើយ ទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០២ដង ដែលគ្រប់គ្រងដោយស្ថានទូតនេះ។

Related posts

Leave a Comment