ផ្ទុះរឿងបំណុលផ្អើលហ្វេសប៊ុក ស្រាប់តែរាលដាលដល់ ខ្ញុង មានអីនាងប្រតិកម្មបកវិញយ៉ាងផ្អែមមុត

ជឿថាប្រិយមិត្តភាគច្រើនដែលចូលចិត្តតាមដានជីវិតឯកជនរបស់អ្នកសិល្បៈ ក៏ដូចជាចូលចិត្តតាមដានពីព្រឹត្តិការណ៍នៅលើបណ្ដាញសង្គម ច្បាស់ជាធ្លាប់ដឹងរឿងរ៉ាវរបស់តារាកំប្លែង ខ្ញុង ដែលកន្លងមកនាងធ្លាប់ប្រកាសក្ស័យធន់ ក្រោយជំពាក់បំណុលគេរហូតដល់ជាង ៥០ ម៉ឺនដុល្លារឯណោះ ហើយមកពេលនេះនាង និង ប្ដីក៏កំពុងរកស៊ីសន្សំកាក់សេនដើម្បីសងបំណុលគេ។

ពិតណាស់រឿងរ៉ាវអាស្រូវជំពាក់បំណុលរបស់ ខ្ញុង បានកន្លងហួសពីចំណាប់អារម្មណ៍របស់មហាជនមួយរយៈហើយ ប៉ុន្ដែថ្មីៗនេះស្រាប់តែមានការរំលើកបើកកកាយពីបញ្ហានេះជាថ្មី ក្រោយនៅលើហ្វេសប៊ុកប៉ុន្មានថ្ងៃនេះ កំពុងផ្ទុះរឿងបំណុលរបស់ ផេនខេក ដោយមានមហាជនមួយចំនួនបញ្ចេញយោបល់ក្នុងន័យថា គ្រប់យ៉ាងសុទ្ធតែជាការសម្ដែងដូចគ្នានឹងរឿងរបស់ ខ្ញុង ដែរ។

ខ្ញុង បង្ហោះសារនៅថ្ងៃទី ១០ ឧសភា ឆ្នាំ ២០២២ កន្លងទៅថា សុំចិត្តមហាជនកុំអូសនាងទៅពាក់ព័ន្ធនឹងរឿងសម្ដែងថាជំពាក់បំណុលទៀត ព្រោះនាងពិតជាមានបញ្ហារឿងនេះមែន ម្យ៉ាងនាងមិនយកកិត្តិយសមកលេងសើចទេ ៖ «រកអីបានរកទៅ ធើអីបានធើទៅ មនុស្សមានបញ្ហារៀងៗខ្លួន អាក្រក់ ឬល្អមិនថិតលើមាត់របស់អ្នកឡើយ កុំមកដៀមដានឌឺដងផ្លែផ្កាឱ្យខ្ញុំ មែនខ្ញុំធ្លាប់ឡាយនិយាយពីបញ្ហាបំណុល និងសុំឱ្យបងប្អូនជួយព្រោះតែខ្ញុំមានហេតុផលរបស់ខ្ញុំ ព្រោះតែក្តីស្រឡាញ់ទើបមហាជនរាប់ម៉ឺនអ្នកជួយខ្ញុំ ខ្ញុំក៏គិតថាទោះខ្ញុំសុំក៏សុំដោយក្តីស្មោះត្រង់ និយាយត្រង់ៗមិនបានលួចឆក់ប្លន់បោកប្រាស់អ្នកណា ចុះហេតុអីចាំបាច់ដើម្បីតែនិយាយយកល្អខ្លួនឯងផ្លែផ្កាខ្ញុំម្ល៉េះ»៕

Leave a Reply

Your email address will not be published.