រត់ខ្ចីលុយគេ ១ ម៉ឺនដុល្លារមកការ តែពេលដល់ថ្ងៃស្រាប់តែកូនកំលោះរត់ចោលរោង

កាលពីពេលថ្មីៗនេះ រឿងរ៉ាវនារីម្នាក់រៀបការគ្មានកូនកំលោះ បានកំពុងតែផ្ទុះការស៊ែរចែករំលែកជាខ្លាំងនៅលើបណ្តាញសង្គមហ្វេសប៊ុកក្នុងប្រទេសថៃ។ ជុំវិញរឿងរ៉ាវមួយនេះ បានកើតឡើងទៅលើនារីរោងចក្រស្ថិតនៅក្នុងខេត្តប្រាជីនបុរ៉ី ប្រទេសថៃ ដោយនាងបានលង់ជឿសម្តីនឹងបុរសជាគូស្នេហ៍ថានឹងរៀបការជាមួយនាង រហូតនាងបានខ្ចីបុលលុយធនាគារជិត ១ ម៉ឺនដុល្លារមករៀបចំពិធីមង្គលការ តែចុងក្រោយបែរគ្មានវត្តមានកូនកំលោះមកចូលរួមតាមការសន្យាទៅវិញ។

បើតាមការបន្ថែមពីសាច់ញាតិខាងកូនក្រមុំបានឱ្យដឹងបន្ថែមថា កាលពីមិនទាន់ចូលរោងការ កូនក្រមុំ និង កូនកំលោះដែលគេស្គាល់ថាជាទាហានបានព្រមព្រៀងគ្នាថានឹងរៀបចំពិធីមង្គលការនៅថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២២ កន្លងទៅ ដោយកូនកំលោះបានសន្យាថានឹងនាំយកថ្លៃទឹកដោះដែលបានសន្យាថានឹងផ្តល់ជូនខាងស្រីជាង ៥ ពាន់ដុល្លារ មាស ៣ បាត មកជាមួយនៅក្នុងថ្ងៃរៀបការនោះ។

លុះមកដល់ថ្ងៃ កម្មវិធីក៏ចាប់ផ្តើមដំណើរការ ខាងកូនកំលោះក៏បានរៀបចំខោអាវដោយប្រាប់ខាងស្រីថា គេទៅដេកជាមួយម្តាយនៅរ៉ីស៊តដែលបានជួលក្បែររោងការនោះសិន ចំណែកកូនក្រមុំក៏មិនបានហាមឃាត់ដែរ ដោយគិតថានៅក្បែរគ្នាដែរ ម្យ៉ាងទៀតនាងក៏កំពុងតែផាត់មុខរៀបចំខ្លួនដើម្បីទទួលភ្ញៀវដែរនាពេលនោះ។

គួរឱ្យស្តាយ ចុងក្រោយកូនក្រមុំបានត្រឹមខកចិត្ត និង ស្លុតចិត្តតែប៉ុណ្ណោះ បន្ទាប់ពីដល់វេលាផ្ទឹមបែរជាគ្មានវត្តមានកូនកំលោះទាក់ទងកពុំបាន ត្រូវឈរទទួលភ្ញៀវម្នាក់ឯងទាំងទប់ជំហរខ្លួនមិនចង់នឹងរហូតចប់កម្មវិធីទៅវិញ។ យ៉ាងណាមិញ ខាងនារីរងគ្រោះដោយសារតែកូនកំលោះបោកប្រាស់ចិត្ត ក៏បានដាក់ពាក្យបណ្តឹងទៅកាន់សមត្ថកិច្ចឱ្យជួយរកយុត្តិធម៌ និង ទាមទារសំណងរាល់ការខូចខាតផងដែរ៕

Leave a Reply

Your email address will not be published.