ដល់-ក! គ្រាប់បែកទម្ងន់ជិត ១ តោន ត្រូវប្រទះឃើញក្នុងទន្លេក្បែរសណ្ឋាគារសុខា ទល់មុខវាំង

នៅថ្ងៃទី ០៥​ ខែឧសភា​ ឆ្នាំ ២០២២ នេះ តាមរយៈលោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ (CMAC) បានបញ្ជាក់ឱ្យបានដឹងថា កម្លាំងជំនាញគ្រាប់យុទ្ធភណ្ឌសង្គ្រាម របស់អង្គភាពស៊ីម៉ាក់ បានធ្វើការត្រួតពិនិត្យ និង បោសសម្អាតគ្រាប់បែកទម្លាក់ពីយន្តហោះ ប្រភេទ​ AN-M66 (ឬAN-M34) និង ជម្លៀសគ្រាប់បែកដ៏ធំមួយនេះ ចេញពីទីតាំងរាជធានីភ្នំពេញ ទៅរកកន្លែងសុវត្ថិភាព ដើម្បីកម្លាំងជំនាញធ្វើការដោះបន្សាប ធានាសុវត្ថិភាពជូនសង្គមជាតិ។

ដោយឡែក គ្រាប់បែកនេះ ត្រូវបានប្រទះឃើញនៅពេលស្តារកាយល្បាប់បាតទន្លេ ស្ថិតនៅទន្លេបួនមុខ ក្បែរសណ្ឋាគារសុខាភ្នំពេញ និង ទល់មុខព្រះបរមរាជវាំង។ គ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទ AN-M66 នេះ មានទម្ងន់ជិត ១ ០០០ គីឡូក្រាម មានជាតិផ្ទុះជាង ៥០០ គីឡូក្រាម ដែលមានថាមពលបង្កគ្រោះថ្នាក់ខ្ពស់​ ជាគ្រាប់បែកផលិតនៅសហរដ្ឋអាមេរិក​ និង ជាសំណល់ពីសង្គ្រាម។

ខាងអ្នកជំនាញបានបញ្ជាក់ឱ្យដឹងផងដែរថា ប្រសិនជាករណីអាក្រក់បំផុតកើតឡើងដោយការផ្ទុះគ្រាប់បែកនេះ នោះអាចបង្កការខូចខាតធ្ងន់ធ្ងរដល់សណ្ឋាគារ​លំនៅដ្ឋានប្រជាពលរដ្ឋ​ និង ព្រះបរមរាជវាំង​ មិនខានឡើយ ខណៈវាមិនផ្ទុះ គឺជាសំណាងមួយដ៏ល្អសម្រាប់កម្ពុជា។ យ៉ាងណាមិញ បើតាមទិន្នន័យព័ត៌មាន មានគ្រាប់បែកប្រភេទ AN-M66 នេះ ចំនួន ១១ គ្រាប់​ក្នុងចំណោមគ្រាប់រាប់លានគ្រាប់ ដែលបានទម្លាក់នៅកម្ពុជា៕

Leave a Reply

Your email address will not be published.