Mo Amena ទម្លាយទាំងអួលដើម-ក ធ្លាប់ធ្វើឱ្យម្តាយខឹងយំបោកខ្លួន ក្នុងរឿងមួយនេះ

Mo Amena ជាសម្តែងស្រីមួយរូប ដែលភាគច្រើនបានលេចមុខជាតួអង្គរងនៅក្នុងរឿងភាគថៃជាច្រើន ហើយមួយរយៈក្រោយនេះ គេក៏សង្កេតឃើញថាប្រជាប្រិយភាពរបស់នាងហាក់កំពុងផ្ទុះផងដែរ បន្ទាប់ពីនាងបានលូកដៃលូកជើងក្នុងរឿង Tangmo នោះ។

យ៉ាងណាមិញ ថ្មីៗនេះ Mo Amena បានបង្ហាញមុខជាញឹកញាប់ក្នុងកម្មវិធីសម្ភាសផ្សេងៗ ហើយនាងក៏តែងតែរំឭកដល់រឿង Tangmo ក៏ដូចជារឿងរ៉ាវផ្ទាល់ខ្លួនរបស់ខ្លួនផងដែរ។ ក្នុងនោះ នាងក៏បានបង្ហើបឱ្យដឹងថា នាងសោកស្តាយណាស់ ដែលធ្លាប់ធ្វើឱ្យម្តាយខូចចិត្តខ្លាំង រហូតដល់យំបោកខ្លួន ដោយសារតែរឿងស្នេហារបស់ខ្លួនទៀតផង។

Mo បានរៀបរាប់ថា នាងធ្លាប់រៀបការរហូតដល់ទៅ ២ ដងឯណោះ ដោយសុទ្ធតែជាមួយ Tomboy ហើយក្នុងនោះ នៅលើកទីមួយនាងបានទាក់ទងជាមួយនឹង Tomboy ម្នាក់បានរយៈពេលតែ ២ ខែប៉ុណ្ណោះ ក៏សម្រេចចិត្តរៀបការជាមួយគេ ដោយមិនប្រាប់ម្តាយរបស់ខ្លួនឡើយ។

មិនយូរប៉ុន្មាន រឿងនេះក៏ធ្លាយដល់ម្តាយនាង ហើយភ្លាមៗគាត់ពិតជាខូចចិត្តខ្លាំងណាស់ រហូតដល់ថ្នាក់អង្គុយស្រែកយំកណ្តាលផ្ទះម្នាក់ឯងទៀតផង ហើយគាត់ក៏ថែមទាំងនិយាយឱ្យនាងទៀតថា នាងឱ្យភាពសំខាន់ទៅអ្នកក្រៅ​ រហូតដល់ភ្លេចអ្នកផ្ទះខ្លួនឯង។

យ៉ាងណាមិញ Mo បានបន្តទៀតថា រឿងនេះក៏បានធ្វើឱ្យនាងពិបាកចិត្តមិនតិចដូចគ្នា ហើយក៏ខ្មាសអ្នកជិតខាងដែរ​ តែចុងក្រោយនៅតែលួចទៅរៀបការជាមួយនឹង Tomboy ម្នាក់ទៀតដដែល រស់នៅជាមួយគ្នាបានតែ ៤ ឆ្នាំ ក៏ចែកផ្លូវគ្នាទៅវិញ ព្រោះតែនាងមានលួចមានអ្នកថ្មី ហើយក៏មិនគិតថានឹងមានការរៀបការលើកទី ៣ នោះទេ ព្រោះនៅខ្មាសគេនៅឡើយ៕

Leave a Reply

Your email address will not be published.