ស្រឡាញ់ពេកមិនចង់ឃ្លាត បុរសម្នាក់ដេកឱបសពប្រពន្ធជាង ២០ ឆ្នាំ ទម្រាំដាច់ចិត្តបូជា

បុរស​វ័យ ៧២ ឆ្នាំ​ម្នាក់​នៅ​ប្រទេស​ថៃ បាន​បង្ក​ការ​ភ្ញាក់​ផ្អើល​ពាសពេញ​បណ្ដាញ​សង្គម ក្រោយ​រូប​លោក បាន​រស់​នៅ​ជាមួយ​សាកសព​ភរិយា​លោក​ក្នុង​ផ្ទះ​រយៈពេល ២១ ឆ្នាំ ដោយ​សារ​តែ​ក្ដី​ស្រឡាញ់​ចំពោះ​ប្រពន្ធ​ធំធេង និង មិន​អាច​ធ្វើ​ចិត្ត​បែក​គ្នា​បាន។

ជាក់​ស្ដែង នៅ​ថ្ងៃ​ទី ២៩ ខែ​មេសា ឆ្នាំ ២០២២ កន្លង​ទៅ លោក​តា​បាន​ទាក់ទង​ទៅ​ខាង​សមាគម​មួយ ដើម្បី​ឱ្យ​ជួយ​រៀបចំ​ពិធី​បូជា​ដ៏​សមរម្យ​មួយ​សម្រាប់​ភរិយា​លោក ដែល​បាន​មរណកាល​ទៅ​តាំង​ពី​ឆ្នាំ ២០០១ មក។ ភ្លាមៗ ខាង​បុគ្គលិក​នៃ​សមាគម ក៏​បាន​ទៅ​ផ្ទះ​លោកតា ហើយ​ក៏​ប្រទះ​ឃើញ​សព​ប្រពន្ធ​លោក​ក្នុង​ផ្ទះ​ដ៏​តូច​មួយ​នោះ។

អ្វី​ដែល​ធ្វើ​ឱ្យ​មហាជន​រំជួល​ចិត្ត និង ចាត់​ទុក​លោកតា​ជា​បុរស​ម្នាក់​ស្មោះស្ម័គ្រ​នឹង​ស្នេហា​ខ្លាំង​ជាង​គេ​នោះ​គឺ នៅ​ពេល​ដែល​ខាង​បុគ្គលិក​លើក​សព​ចេញ​ពី​ផ្ទះ លោក​តា​ក៏​បាន​និយាយ​លាយ​ឡំ​ទឹកភ្នែក​ថា ៖«បង​នៅ​នឹក​អូន​រាល់​នាទី ហើយ​ក្ដី​ស្រឡាញ់​បង​ចំពោះ​អូន​គឺ​មិន​ផ្លាស់​ប្ដូរ​ឡើយ»។

តាម​សម្ដី​លោក​តា​ជា​ស្វាមី បាន​ឱ្យ​ដឹង​ដែរ​ថា ដំបូង​ឡើយ លោកតា​គឺ​ចង់​រស់​នៅ​ឱប​ក្រសោប​សព​ប្រពន្ធ​រហូត​ដល់​ថ្ងៃ​ស្លាប់ ប៉ុន្តែ​ក្រោយ​យូរ​មក លោក​តា​ក៏​ចាប់​ដឹង​ថា បើ​ធ្វើ​បែប​នេះ​នឹង​មិន​មាន​នរណា​ធ្វើ​ពិធី​បុណ្យ​សព​ដ៏​សមរម្យ​មួយ​ឱ្យ​ភរិយា​លោក​តា​ឡើយ ដូច្នេះ​លោកតា​ក៏​សម្រេច​ចិត្ត​ធ្វើ​ការ​បូជា​នេះ​តែ​ម្ដង៕

Leave a Reply

Your email address will not be published.