តារាស្រីរូបស្រស់ ២ ដួង សប្ដូរសម្រស់ធម្មជាតិសឹង ១៨០ ដឺក្រេ ក្រោយវះកាត់កែសម្ផស្ស

អ្នកលេងបណ្ដាញសង្គម ក៏ដូចជាអ្នកគាំទ្រតាមដានវិស័យសិល្បៈច្បាស់ជាបានចាប់អារម្មណ៍ហើយ ដែលគេបានឃើញថាថ្មីៗនេះ តារាស្រីខ្មែរ ២ ដួង ដែលបានបង្ហាញរូបសម្រស់ថ្មី ក្រោយ​ពីវះ​កាត់កែសម្ផស្សខ្លះៗលើផ្ទៃមុខ យ៉ាងជឿជាក់ និងស្រស់ស្អាតប្លែកមួយបែបផ្សេងទៀត។ ក្នុងនោះ តារាស្រី ២ ដួងនេះរួមមាន៖

១. គឹម លីហ្សា
កាលពីចុងខែកញ្ញា តារាសម្ដែងស្រីរូបស្រស់ គឹម លីហ្សា បានធ្វើឱ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីនាងបានបង្ហាញមុខមាត់ដែលកំពុងរុំបង់នៅឡើយ ព្រមជាមួយនឹងការបញ្ជាក់ច្បាស់ៗ​ដោយមិនលាក់លៀមថា នាងទើបតែបានវះកាត់កែច្រមុះ និង ចង្ការួចរាល់។ មកដល់ពេលនេះ តារាស្រីរូបនេះ ក៏បានដោះបង់រុំរបួសខ្លះៗចេញហើយ និង បានបង្ហាញសម្រស់​ថ្មីរបស់នាងយ៉ាង​ស្រស់​ស្អាត​ប្លែកមានភាពជឿជាក់ ដោយត្រង់ចំណុចចង្កាមានលក្ខណៈស្រួចជាងមុន ចំណែកច្រមុះក៏មានខ្ទង់ខ្ពស់ជាងមុនដែរ។

២. ទូច ស្រីល័ក្ខ
កាលពីថ្មីៗកន្លងទៅនេះដែរ តារាចម្រៀង ទូច ស្រីល័ក្ខ បានធ្វើឱ្យអ្នកគាំទ្រស្រឡាំងកាំង បន្ទាប់ពីឃើញរូបថតប៉ុន្មានសន្លឹកដែលនាងបានបង្ហោះនៅលើបណ្ដាញសង្គម ដោយបង្ហាញពីទម្រង់​មុខ​​បែ្លកខ្លាំង ទាំងផ្នែកចង្កា និង ច្រមុះ ហាក់ដូចជាទើបតែកែកុនរួចរាល់។ លើសពីនេះ បន្ទាប់ពីបង្ហាញមុខមាត់ថ្មីក្រោយពីបានកែកុនបន្ថែមនេះហើយ គេសង្កេតឃើញថា តារាស្រីរូបនេះ កាន់​តែ​បង្ហាញរូបភាពជាហូរហែ លេងស្ទីល ថតរូបភាពលេងទឹកមុខយ៉ាងជឿជាក់ជាមួយរូបសម្រស់ថ្មីរបស់នាង ដោយមើលទៅមុខមាត់របស់នាងកាន់តែប្លែក ស្អាត និងកាន់តែក្មេងជាង​វ័យ​ទៀត​ផង៕

Leave a Reply

Your email address will not be published.