កាលពីថ្ងៃទី ០៤ ខែឧសភា ឆ្នាំ ២០២២ កន្លងទៅ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់នៅចំណុចមុខអគារ Rise Commercial Building លេខ ៥ ផ្លូវលេខ ២៨២ សង្កាត់បឹងកេងកងទី ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ការស្រាវជ្រាវឃាត់ខ្លួននេះ អនុវត្តតាមដីកាបញ្ជាឱ្យចូលខ្លួនរបស់ឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីមិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍អាចជួញដូរបាន ទឹកប្រាក់ចំនួន ៧៧៦ ០០០ ដុល្លារ តាមពាក្យបណ្តឹងរបស់ឈ្មោះ លឹម ហ៊ួរនីតូ ភេទប្រុស អាយុ ៣៤ ឆ្នាំ មុខរបរ ពាណិជ្ជករ។
ដោយឡែក ជនសង្ស័យមានឈ្មោះ ពេជ្រ ស្រីមុំ ភេទស្រី អាយុ ៣៥ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ពាណិជ្ជករ ស្នាក់នៅផ្ទះលេខ ២៥២ ផ្លូវផ្លាទីនឹម សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕