ក្តៅៗ ប្រធាននាយកដ្ឋានប្រកាសជូន ៤០ ម៉ឺនរៀល បើឃើញមានជនស៊ីវិលប្រើវិទ្យុទាក់ទង កាណាល់នគរបាលជាតិ

នៅថ្ងៃទី ០៤ ខែឧសភា ឆ្នាំ ២០២២ នេះ តាមរយៈគណនី លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ប្រធាននាយកដ្ឋានវិទ្យុទាក់ទង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ឱ្យបានដឹងថា «បើបងប្អូនណា ឃើញមានជនស៊ីវិល ប្រើវិទ្យុទាក់ទងកាណាល់នគរបាលជាតិ ហើយរាយការណ៍រហូតឃាត់ជននោះបាន ១ ករណី ខ្ញុំផ្តល់ ៤០ ម៉ឺនរៀល»។

គួរឱ្យដឹងផងដែរ នាពេលថ្មីៗនេះ កម្លាំងចំរុះដឹកនាំដោយតំណាងអយ្យការ និយ័តករទូរគមនាគមន៍កម្ពុជា នគរបាលជាតិ បានសម្រេចគោលដៅប្រកបដោយផ្លែផ្កា ដោយស្ថានីយវិទ្យុទាក់ទងខុសច្បាប់ជាច្រើន បានស្ម័គ្រចិត្តរុះរើដោយខ្លួនឯង និង តិចតួចចាប់បង្ខំរុះរើទម្លាក់។

ក្នុងនោះផងដែរ ម៉ាស៊ីនផ្សាយប្រមាណ ២០០ គ្រឿង (Repeater) ដែលផ្តល់ឱ្យវិទ្យុទាក់ទង កាន់ដៃប្រើប្រាស់បែបអាណាធិបតេយ្យ ប្រមាណ ៥០០០ គ្រឿងត្រូវបិទបញ្ចប់ ខណៈក្រុមជំនាញ នឹងបន្តធ្វើរហូតប្រាកដថា ស្ថានីយផ្សាយវិទ្យុទាក់ទងខុសច្បាប់ទាំងឡាយត្រូវបានសម្អាតស្អាតអស់ទូទាំងរាជធានីភ្នំពេញ និង ជំហានបន្ទាប់ទូទាំងប្រទេស៕

Leave a Reply

Your email address will not be published.