សាមញ្ញៗ តែរ៉ូប Kim Kardashian ស្លៀកនេះ តម្លៃជិត ៥ លានដុល្លារ ព្រោះមូលហេតុមួយនេះ

ថ្មី​ៗ​នេះ ក្នុង​កម្មវិធី​លំដាប់​ពិភពលោក Met Gala 2022 មាន​សភាព​អ៊ូអរ និង អធិកអធម​ជា​ខ្លាំង ដោយ​មាន​ការ​ចូលរួម​ពី​សំណាក់​តារា​ៗ​លំដាប់​កំពូលៗ​ជា​ច្រើន​រូប ដើរ​បង្អួត​រាង​គ្នា​លើ​កម្រាល​ព្រំ​ក្រហម។

ក្នុង​នោះ​ដែរ គេ​ក៏​សង្កេត​ឃើញ​តារា​ស្រី Kim Kardashian បាន​បង្ហាញ​វត្តមាន​ជាមួយ​មិត្ត​ប្រុស​ថ្មី​របស់​នាង Pete Davidson ផង​ដែរ តែ​អ្វី​ដែល​ធ្វើ​ឱ្យ​តារា​ស្រី​រូប​នេះ​លេចធ្លោ​ជាង​គេ​បំផុត​លើ​កម្រាល​ព្រំ​ក្រហម​នៃ​កម្មវិធី​ដ៏​ធំ​មួយ​នេះ​នោះ​គឺ រូប​នាង​បាន​បង្ហាញ​ខ្លួន​ជាមួយ​រ៉ូប​​​ដ៏​ប្រណីត តម្លៃ​រហូត​ដល់ ៤.៨១ លាន​ដុល្លារ​ឯណោះ។

រ៉ូប​ដ៏​មាន​តម្លៃ​ថ្លៃ​កប់​ពពក​នេះ​ដែរ គឺ​ធ្លាប់​ជា​រ៉ូប​របស់​អតីត​តារា​សម្ដែង​ស្រី​ដ៏​ល្បី Marilyn Monroe ដែល​នាង​បាន​ស្លៀក​ច្រៀង​បទ «Happy Birthday, Mr. President» នៅ​ឯ​កម្មវិធី​ជប់លៀង​ថ្ងៃ​ខួប​កំណើត​របស់​លោក​ប្រធានាធិបតី John F. Kennedy ក្នុង​ថ្ងៃ​ទី ១៩ ខែ​ឧសភា ឆ្នាំ ១៩៦២។ តាម​ពិត​ទៅ រ៉ូប​ដ៏​សាមញ្ញ ប៉ុន្តែ​ទាក់ទាញ​មួយ​នេះ តម្លៃ​ដើម​គឺ​ត្រឹម ១២ ០០០ ដុល្លារ​ប៉ុណ្ណោះ ប៉ុន្តែ​ក្នុង​ខែ​វិច្ឆិកា ឆ្នាំ ២០១៦ ក្រុមហ៊ុន Ripley’s Believe It or Not បាន​ធ្វើ​ការ​ដាក់​ដេញ​ថ្លៃ​លក់​បាន​ដោយ​ជោគជ័យ ក្នុង​តម្លៃ​ខ្ពស់​រហូត​ដល់ ៤.៨១ លាន​ដុល្លារ​នេះ​ឯង ដែល​ធ្វើ​ឱ្យ​រ៉ូប​មួយ​នេះ ក្លាយ​ជា​រ៉ូប​តារា​មួយ​ដែល​មាន​តម្លៃ​ថ្លៃ​ជាង​គេ​បំផុត​លើ​ពិភពលោក៕

Leave a Reply

Your email address will not be published.