កន្លងមក មហាជនអ្នកគាំទ្រតាមដានជីវិតទាំងក្នុង និង ក្រៅសិល្បៈរបស់អ្នកនាង កាតុ ច្បាស់ជាបានជ្រាបហើយថា មិនត្រឹមតែមានអាជីពជាតារាកំប្លែងផង តារាចម្រៀងផងនោះទេ តែអ្នកនាងក៏ជាអ្នករកស៊ីមួយរូបជោគជ័យខ្លាំងណាស់ដែរ។ ក្នុងនោះ គេបានដឹងថាអ្នកនាងបានបើកហាងលក់ហ្វឺយ៉ាងឈ្ងុញឆ្ងាញ់ និង មានសាខាជាច្រើនកន្លែងថែមទៀតផង។
យ៉ាងណា នៅថ្ងៃទី ០៧ ខែមេសា ឆ្នាំ ២០២២ កន្លងទៅនេះ អ្នកនាង កាតុ ក៏បានធ្វើឱ្យមហាជនមានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយស្របពេលកំពុងមមាញឹកទាំងការងារសិល្បៈ និង ក្រៅសិល្បៈនោះ ស្រាប់តែអ្នកនាងបានបើកសម្ពោធភោជនីដ្ឋានមួយកន្លែងបន្ថែមលើអាជីពចាស់ មានឈ្មោះថា ភោជនីយដ្ឋាន ទសវត្សរ៍ ៦០ ដោយមានការបណ្តាក់ទុនរួមគ្នានឹងលោកជំទាវ ម៉ែន ចិន្តា។
ក្នុងថ្ងៃសម្ពោធភោជនីយដ្ឋានថ្មីរបស់អ្នកនាង កាតុ នោះដែរ ក៏មានការចូលរួមយ៉ាងច្រើនពីសំណាក់សិល្បករ-ការិនី និង ភ្ញៀវគ្រប់ស្រទាប់វណ្ណៈ។ លើសពីនោះអ្វីដែលគួរឱ្យប្លែក គឺភ្ញៀវចូលរួមបានតុបតែងខ្លួន ស្លៀកឈុតសម្លៀកបំពាក់កាលពីសម័យទសវត្សរ៍ ៦០ មើលទៅពិតជាស្រស់ស្អាតណាស់៕